មហាសេដ្ឋី Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន Starlink បានប្រកាសថា លោកនឹងផ្តល់ជូនអ៊ីនធឺណិតដោយឥតគិតថ្លៃ នៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកយុទ្ធនាការវាយប្រហារតាមអាកាស ដែលបណ្តាលឲ្យមានការចាប់ខ្លួនប្រធានាធិបតី Maduro និងភរិយារបស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fox News។

ក្រុមហ៊ុន Starlink បានប្រកាសកាលពីថ្ងៃទី៤ ខែមករាថា ខ្លួននឹងផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃនៅក្នុងប្រទេសវេណេស៊ុយអេឡារហូតដល់ថ្ងៃទី៣ ខែកុម្ភៈ ដើម្បីរក្សាការតភ្ជាប់អ៊ីនធឺណិតនៅក្នុងប្រទេស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានធ្វើប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro នៅព្រឹកព្រលឹមថ្ងៃទី៣ ខែមករាកន្លងទៅ។
ជាមួយគ្នានេះ លោក Elon Musk ក៏បានចែករំលែកការប្រកាសរបស់ Starlink នៅលើ X ឡើងវិញ ជាមួយនឹងចំណងជើងថា “គាំទ្រប្រជាជនវេណេស៊ុយអេឡា” អមដោយរូបតំណាងទង់ជាតិវេណេស៊ុយអេឡា ផងដែរ។
គួរឲ្យដឹងថា អតិថិជនដែលកំពុងប្រើប្រាស់សេវាកម្ម Starlink នៅក្នុងប្រទេសនេះ ពុំចាំបាច់ត្រូវបំពេញតាមលក្ខខណ្ឌអ្វីផ្សេងទៀតនោះឡើយ ដោយការផ្តល់ជូនឥតគិតថ្លៃនេះ នឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិទៅក្នុងគណនីរបស់ពួកគេ។ សម្រាប់អតិថិជនដែលបានផ្អាកសេវាកម្មរបស់ពួកគេជាបណ្តោះអាសន្ន ឬមិនបានទូទាត់ ការផ្តល់ជូននេះក៏នឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិផងដែរ ដែលអនុញ្ញាតឲ្យមានការប្រើប្រាស់ នៅក្នុងរយៈពេលដូចដែលបានរៀបរាប់ខាងលើ។
ជម្រាបជូនថា ក្រុមហ៊ុន Starlink ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអវកាសខ្នាតយក្ស SpaceX ផ្តល់សេវាអ៊ីនធឺណិតតាមរយៈផ្កាយរណបគន្លងទាប ហើយតម្រូវឱ្យអ្នកប្រើប្រាស់ទិញឧបករណ៍ដាច់ដោយឡែកដើម្បីភ្ជាប់ទៅសេវាកម្មនេះ។ យ៉ាងណាមិញសម្រាប់ប្រទេសវេណេស៊ុយអេឡា ក្រុមហ៊ុន Starlink គ្រោងនឹងចុះបញ្ជីអាជីវកម្មរបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ បើទោះបីជាសេវាកម្មកំពុងមានអ្នកប្រើប្រាស់រួចហើយក៏ដោយ៕

