រដ្ឋសភា សម្រេចឯកភាពលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ដោយរក្សាខ្លឹមសារដើមទាំងស្រុង​

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មការទី៦ នៃរដ្ឋសភា ឯកភាពលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ដោយរក្សាខ្លឹមសារដើមទាំងស្រុង ត្រៀមបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍។ការសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុង នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព លោក អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ ដោយមានការចូលរួមពីអនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការ និងមន្ត្រីជំនាញបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំនោះគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) បានសម្រេចឯកភាពទាំងស្រុងលើទម្រង់ និងខ្លឹមសារដើមនៃសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ក្រោយការពិនិត្យ និងកែសម្រួលអក្ខរាវិរុទ្ធមួយចំនួនរួចរាល់ ដើម្បីរៀបចំរបាយការណ៍បញ្ជូនបន្តទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ចាត់ចែងតាមនីតិវិធី។

សេចក្តីព្រាងច្បាប់ទាំង ៣ ដែលបានឆ្លងកាត់ការពិនិត្យ និងសិក្សាយ៉ាងល្អិតល្អន់នោះ រួមមាន៖ ·  សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី៖ សំដៅកែសម្រួលក្របខ័ណ្ឌការងារ និងវិជ្ជាជីវៈមេធាវីឱ្យកាន់តែមានប្រសិទ្ធភាព។ ·  សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសេប៊ូ (Cebu Protocol)៖ ធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ·  សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី ផ្តោតលើកិច្ចសហប្រតិបត្តិការការពារ ពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។

ក្រោយបញ្ចប់ការពិភាក្សា អង្គប្រជុំបានឯកភាពរៀបចំរបាយការណ៍លទ្ធផល ដើម្បីដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មុននឹងឈានដល់ការដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តជាផ្លូវការនាពេលខាងមុខ៕ អត្ថបទ៖ហ្សាលីន