អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ការវិនិយោគដ៏មានតម្លៃបំផុតមិនមែនជាការវិនិយោគតែលើហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្តែជាការវិនិយោគលើធនធានមនុស្ស។

នៅលើបណ្តាញសង្គម នាព្រឹកថ្ងៃទី៨ ខែកញ្ញានេះ ក្នុងឱកាសថ្ងៃទិវាអក្ខរកម្មអន្តរជាតិ អ្នកឧកញ៉ា បានបន្ថែមថា ទិវាអក្ខរកម្មអន្តរជាតិបានរំឭកលោកថា អក្ខរកម្មមិនមែនគ្រាន់តែជាសមត្ថភាពអាន និងសរសេរប៉ុណ្ណោះទេ ប៉ុន្តែមានន័យលើសពីនេះទៅទៀត។ អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះនៃឱកាស នវានុវត្តន៍ និងការរៀនសូត្រពេញមួយជីវិត។ អក្ខរកម្មធ្វើឱ្យមនុស្សចេះគិតប្រកបដោយវិចារណញ្ញាណ មានក្តីស្រមៃ និងគោលដៅធំ ហើយចូលរួមចំណែកយ៉ាងមានអត្ថន័យដល់សង្គម។
អ្នកឧកញ៉ា បានបន្ថែមថា ការវិនិយោគលើវិស័យអប់រំតែងតែជាបេសកកម្មមួយដ៏សំខាន់បំផុតរបស់យើងនៅក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ តាមរយៈសាលាអន្តរជាតិ សៅប្រីដ៏ កម្ពុជា និងការបន្តប្តេជ្ញាចិត្តរបស់សាលាចំពោះការអភិវឌ្ឍវិស័យអប់រំ អ្នកឧកញ៉ាសង្ឃឹមថានឹងបង្កើតកាលានុវត្តភាពបន្ថែមទៀតសម្រាប់យុវជនក្នុងការរៀនសូត្រ រីកចម្រើន និងសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។
«អនាគតប្រទេសកម្ពុជា នឹងមិនត្រូវបានកំណត់ដោយហេដ្ឋារចនាសម្ព័ន្ធដែលយើងសាងសង់តែមួយនោះទេ ប៉ុន្តែក៏ដោយចំណេះដឹង តម្លៃ និងចរិតលក្ខណៈដែលយើងផ្តល់ឱ្យទៅមនុស្សជំនាន់ក្រោយ។ នៅពេលដែលយើងវិនិយោគលើចំណេះដឹង យើងមិនគ្រាន់តែអប់រំមនុស្សនោះទេ យើងក៏កំពុងកសាងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ មានភាពធន់ និងរីកចម្រើនជាងមុនសម្រាប់មនុស្សជំនាន់ក្រោយផងដែរ»។ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់បន្ថែម។
សូមជម្រាបថា សាលាអន្តរជាតិ South Bridge International School Cambodia (SISC) គឺជាសាលាអន្តរជាតិមួយដែលផ្ដល់ការអប់រំតាមកម្មវិធីសិក្សាពីរភាសា (Bilingual Programme) ដោយផ្តោតសំខាន់លើគុណភាព។ សាលានេះត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអ្នកឧកញ៉ា គិត ម៉េង ដែលជាប្រធានក្រុមប្រឹក្សាភិបាល។ ក្រៅពីសាលានេះ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង ក៏មាន សាលាអន្តរជាតិន័រប្រីជ (Northbridge International School Cambodia) ដែលជាសាលាអន្តរជាតិមួយក្នុងចំណោមសាលាល្បីៗបំផុតនៅកម្ពុជាផងដែរ៕







