ឧកញ៉ា តែ តាំងប៉ ដឹកនាំគណប្រតិភូសមាគមមូលនិធិសម្តេចតេជោ SME សម្តែងការគួរសមសម្តេចក្រឡាហោម ស ខេង

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដឹកនាំគណប្រតិភូសមាគម ចូលជួបសម្ដែងការគួរសម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស នៃសមាគមមូលនិធិសម្ដេចតេជោ SME នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម ស ខេង បានមានមតិស្វាគមន៍ចំពោះថ្នាក់ដឹកនាំ និងប្រតិភូសមាគមមូលនិធិសម្ដេចតេជោ SME ដែលបានចូលជួបសម្តែងការគួរសម នាឱកាសនេះ។ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះសមាគម ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រុំជ្រែងជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេស បានរៀបចំពិធីជួបជុំ និងពិសាអាហារសាមគ្គីនាពេលកន្លងមករវាងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាឱកាសជួបជុំបង្កើតភាពស្និលស្នាល និងផ្លាស់ប្តូរយោបល់ជួយគ្នាទៅវិញ ទៅមកផងដែរ។

សម្តេចក្រឡាហោម មានប្រសាសន៍ថា៖ «សកម្មភាពរបស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺពិតជាមានសារសំខាន់ណាស់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា»។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានសម្ដែងការកោតសរសើរចំពោះសមាគមមូលនិធិសម្ដេចតេជោ SME ដែលបានខិតខំរៀបចំរចនាសម្ព័ន្ធទាំងនៅរាជធានៅភ្នំពេញ និងតាមបណ្ដាខេត្ត រួមទាំងការរៀបចំជំនួន និងពិធីផ្សព្វផ្សាយនានាក្នុងន័យដើម្បីរួមចំណែកលើកកម្ពស់វិស័យសហគ្រាសធនតូច និងមធ្យមនៅកម្ពុជាស្របតាមទិសដៅរបស់សមាគម។

នាឱកាសនោះដែរ ឧញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោ SME បានមានប្រសាសន៍ថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង ដែលបានឆ្លៀតឱកាសពេលវេលាដ៏មានតម្លៃអនុញ្ញាតជូនប្រតិភូសមាគមបានចូលជួបសម្ដែងការគួរសម។ ទន្ទឹមនេះដែរ លោកឧកញ៉ា ក៏បានរាយការណ៍ជូនសម្តេចក្រឡាហោម ជ្រាបថា បច្ចុប្បន្ន សមាគម​ បានបើកសាខាសហគ្រាសតូច និងមធ្យម បានចំនួន ២៥រាជធានី ខេត្ត ដោយក្នុងនោះសមាគមបានចង់ក្រងជាក្រុម ដើម្បីគាំទ្រក្នុងការជួយគ្នាទៅវិញទៅមក។

បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង បានណែនាំថា ដោយសារសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនេះ ទទួលរៀបចំកាត់ឯកសណ្ឋាន និងសម្លៀកបំពាក់សម្រាប់ឧកញ៉ា និងអ្នកឧកញ៉ានៅកម្ពុជា សម្តេចក្រឡាហោម ក៏បានណែនាំដល់សមាគម ឱ្យធ្វើការរៀបកាត់ និងបំពាក់ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ ដើម្បីឱ្យមានការស្លៀកពាក់ឯកសណ្ឋានមានការឯកភាពគ្នាស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះទៀត សម្តេចក្រឡាហោម បានជំរុញឱ្យសមាគមបន្តពង្រីកបណ្តាញ ក៏ដូចជាការងារបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់បណ្តាសហគ្រាសជាសមាជិក ដើម្បីធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនបន្ថែមទៀត៕