បុរសជនជាតិអង់គ្លេសម្នាក់ បានរកឃើញកាក់ឌីជីថល Bitcoin ចំនួន ៦១ ដែលមានតម្លៃប្រហែល ៤,៧៦លានដុល្លារ បន្ទាប់ពីបាត់បង់សិទ្ធិចូលទៅប្រើប្រាស់រូបិយប័ណ្ណគ្រីបតូមួយនេះ តាំងពីឆ្នាំ២០១៤ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន LBC។

បុរសម្នាក់នោះ ដែលត្រូវបានគេស្គាល់ឈ្មោះថា Chris បានវិនិយោគទឹកប្រាក់ចំនួន ១ ៥០០ផោន (ឬប្រហែល ២ ០០០ដុល្លារ) ទៅក្នុងកាក់ Bitcoin ក្នុងឆ្នាំ២០១១ បន្ទាប់ពីមិត្តភក្តិម្នាក់ដែលចាប់អារម្មណ៍លើភាគហ៊ុនបានប្រាប់រូបលោកថារូបិយប័ណ្ណគ្រីបតូមួយនេះ នឹងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃនាពេលអនាគត។
យ៉ាងណាមិញ Chris បានទិញ Bitcoin នោះតាមរយៈវេបសាយ Intersango ដែលពីមុនត្រូវបានគេស្គាល់ថា Britcoin ដែលជាកន្លែងផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដំបូងបំផុតមួយរបស់ចក្រភពអង់គ្លេស។ នៅពេលដែលវេទិកានេះជួបប្រទះការលំបាក និងឈប់ដំណើរការនៅឆ្នាំ២០១៤ ហើយ Chris បានព្យាយាមដកកាក់ Bitcoin របស់ខ្លួន ប៉ុន្តែបានរកឃើញថាគណនីរបស់លោត្រូវបានគេបង្កកទៅហើយ។ កាក់ Bitcoin របស់លោកមានតម្លៃប្រហែល ៤ ០០០ផោននៅពេលនោះ។
នៅពេលដែលតម្លៃរបស់កាក់ Bitcoin កើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សបន្ទាប់ លោក Chris បានឃើញតម្លៃកាក់របស់ខ្លួនដែលមិនអាចចូលទៅប្រើប្រាស់បាននោះ បានកើនឡើងដល់រាប់លានដុល្លារ។
យ៉ាងណានៅឆ្នាំ២០១៨ Chris បានទទួលអ៊ីមែលមួយពីសហស្ថាបនិកក្រុមហ៊ុន Intersango ពីរនាក់ដែលស្នើសុំឱ្យអតិថិជនពីមុនៗទាក់ទងមកពួកគេវិញ ប៉ុន្តែ Chris បានលុបសារទាំងនោះចោល ព្រោះសង្ស័យថាវាជាការបោកប្រាស់។ ប៉ុន្តែភរិយារបស់លោក បានបញ្ចុះបញ្ចូលឲ្យលោកព្យាយាមទាញយកកាក់ Bitcoin ទាំងនោះត្រលប់មកវិញម្តងទៀត។ លុះនៅថ្ងៃទី២០ ខែមករា លោកបានជួលក្រុមហ៊ុនច្បាប់អង់គ្លេស CEL Solicitors ដែលមានជំនាញក្នុងការសង្គ្រោះរូបិយប័ណ្ណគ្រីបតូដែលបាត់បង់ ឲ្យជួយលោកនៅក្នុងរឿងនេះ។
ក្រុមហ៊ុននោះបានប្រមូលឯកសារដើម្បីបញ្ជាក់ពីភាពជាម្ចាស់របស់ Chris និងចរចាការប្រគល់រូបិយប័ណ្ណគ្រីបតូត្រលប់មកវិញ។ ករណីនេះត្រូវបានដោះស្រាយនៅថ្ងៃទី២៨ ខែឧសភា ដោយកាក់ Bitcoin ទាំង ៦១ នោះ ត្រូវបានប្រគល់ជូនមកកាន់លោកវិញ។ Bitcoin ទាំងនោះ កំពុងជួញដូរក្នុងតម្លៃប្រហែល ៧៨ ០០០ដុល្លារ គិតនៅត្រឹមថ្ងៃទី ៣ ខែកញ្ញា ហើយចំនួនសរុបនៃកាក់នោះមានតម្លៃសរុប្រមាណ ៤,៧៦លានដុល្លារ៕

