កូរ៉េខាងត្បូង និងអាមេរិក ព្រមព្រៀងចាក់លុយវិនិយោគជាង ២០ពាន់លានដុល្លារ លើរោងចក្រឧស្ម័ននៅរដ្ឋតិចសាស់

អន្តរជាតិ

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាលើទំហំនៃការវិនិយោគដែលបានគ្រោងទុករបស់ទីក្រុងសេអ៊ូល នៅក្នុងគម្រោងឧស្ម័នដ៏ធំមួយនៅរដ្ឋតិចសាស់ ដែលមានតម្លៃប្រមាណ ២២,៣ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រភពដដែល បានបង្ហាញថាគម្រោងនេះ ដែលនឹងក្លាយជាការវិនិយោគលើកដំបូងរបស់កូរ៉េខាងត្បូងនៅសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីឆ្នាំមុន គឺមានគោលបំណងសាងសង់រោងចក្រឧស្ម័នកម្លាំង ៦,៣ ជីហ្គាវ៉ាត់ នៅ Encinal រដ្ឋតិចសាស់ ដើម្បីបំពេញតម្រូវការថាមពលកើនឡើងសម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI។

គួរឲ្យដឹងថា ការវិនិយោគនេះនឹងជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាដោយប្រទេសសម្ព័ន្ធមិត្តទាំងពីរកាលពីឆ្នាំមុន ក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងសេអ៊ូលបានសន្យាវិនិយោគក្នុងចំនួនទឹកប្រាក់សរុបរហូតដល់ ៣៥០ពាន់លានដុល្លារ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ជាថ្នូរនឹងការកាត់បន្ថយអត្រាពន្ធគយលើទំនិញរបស់កូរ៉េខាងត្បូង។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលទីក្រុង​សេអ៊ូល ​ក៏​កំពុង​ពិចារណា​លើការវិនិយោគសម្រាប់​គម្រោង​ដែល​មាន​សក្តានុពល​ផ្សេង​ទៀតនៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ រួម​ទាំង​ការ​សាងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ទ្រង់ទ្រាយ​ធំ ឬ​គម្រោង​ឧស្ម័ន​ធម្មជាតិ​រាវ​ នៅ​រដ្ឋអាឡាស្កាជាដើម៕​