កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោ បានឈានដល់ជំហានថ្មីមួយទៀត បន្ទាប់ពីក្រុមហ៊ុន ហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក និងធនាគារ China Exim Bank បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ជិត ១ពាន់លានដុល្លារអាម៉េរិក កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅក្នុងព្រឹត្តិការណ៍សហប្រតិបត្តិការវិនិយោគអន្តរជាតិ ក្រោមអធិបតីភាព និងជាសក្ខីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំធុរកិច្ចអន្តរជាតិជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ធនាគារ China Exim Bank និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធរហូតសម្រេចបានសមិទ្ធផលប្រវត្តិសាស្ត្រនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជា «តួអង្គផ្លាស់ប្តូរមុខមាត់កម្ពុជា (Game Changer)» ដែលមិនត្រឹមតែកាត់បន្ថយថ្លៃដើមដឹកជញ្ជូនតាមផ្លូវទន្លេទៅកាន់សមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបាននូវ «របៀងសេដ្ឋកិច្ចថ្មី» ដ៏មានសក្តានុពល ក្នុងការទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្ម ភស្តុភារកម្ម កសិកម្ម និងទេសចរណ៍នៅតាមបណ្តោយផ្លូវទឹកនេះនាពេលអនាគត។

ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវសុភាសិតចិនមួយឃ្លាថា «កាលណាប្រជាជនមានចិត្តគំនិតតែមួយ សូម្បីតែភ្នំតៃសានក៏អាចរំកិលបានដែរ» ដើម្បីបង្ហាញពីកម្លាំងនៃការរួបរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានអំពាវនាវដល់វិនិយោគិនអន្តរជាតិទាំងអស់ ឱ្យចូលមកស្វែងរកឱកាសវិនិយោគ និងរីកចម្រើនជាមួយកម្ពុជា ដែលកំពុងត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួល និងបង្កើតជោគជ័យរួមគ្នាប្រកបដោយចីរភាព៕