រដ្ឋសភាកម្ពុជា ស្នើឱ្យរដ្ឋសភាម៉ាឡេស៊ីបន្តជំរុញវិនិយោគិនខ្លួន ឱ្យមកបោះទុនវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋសភាកម្ពុជា ស្នើឱ្យរដ្ឋសភាម៉ាឡេស៊ីបន្តជំរុញវិនិយោគិនខ្លួន ឱ្យមកបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ដើម្បីជំរុញទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។នេះបើយោងតាមជំនួបពិភាក្សារវាងសម្ដេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយលោក តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានស្វាគមន៍វត្តមានគណៈប្រតិភូដែលបានអញ្ជើញចូលរួមសន្និសីទ ISC-2 នាពេលនេះ ហើយបានឆ្លៀតពេលមកជួបពិភាក្សាការងារជាមួយសម្តេច។សម្តេចថា វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ីនៅក្នុងសន្និសីទ ISC លើកទី២ នេះ ពិតជាមានសារៈសំខាន់ ដែលមិនត្រឹមតែបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អ ជឿជាក់ ទុកចិត្ត និងយោគយល់គ្នានៃប្រទេសទាំងពីរប្រកបដោយភាពស្និទ្ធស្នាល។

សម្ដេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ គឺជាការជួបជុំគ្នាដ៏ធំជាប្រវត្តិសាស្ត្រ ដោយមានប្រធានសភាជាច្រើនប្រទេសចូលរួម ទាំងក្នុងតំបន់និងអន្តរជាតិ ព្រមទាំងមានវត្តមានអង្គការអន្តរជាតិសំខាន់ៗជាច្រើនទៀតផងដែរ។ នេះជាវេទិកាដ៏សំខាន់នៅក្នុងការស្តារទំនុកចិត្ត និងលើកកម្ពស់សន្តិភាពសម្រាប់មនុស្សជាតិទូទាំងសកលលោក ឱ្យរស់នៅប្រកបដោយសុខដុមរមនាជាមួយគ្នា។ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ បានបង្ហាញច្បាស់ពីការស្រលាញ់សន្តិភាព ការលើកកម្ពស់ការគោរពច្បាប់ និងពហុភាគីនិយមដោយបើកចំហ និងបរិយាបន្ន។

ជាមួយគ្នានេះ លោក តាន់ស្រ៊ី ដាតូ បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមដ៏សំខាន់របស់កម្ពុជា នៅក្នុងកិច្ចការអន្តរជាតិ ពិសេសការលើកកម្ពស់សុខសន្តិភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព ទាំងក្នុងតំបន់និងអន្តរជាតិ។លោកក៏បានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

សូមជម្រាបដែរថា តាមរយៈជំនួបនោះ សម្ដេចប្រធានរដ្ឋសភា ក៏បានស្នើឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ីបន្តជំរុញទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងជំរុញវិនិយោគិនម៉ាឡេស៊ីមកកម្ពុជាឱ្យកាន់តែច្រើនឡើង ដើម្បីផលប្រយោជន៍នៃប្រទេស និងពលរដ្ឋប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន