ការរាប់ថយក្រោយបានចាប់ផ្តើមហើយ ដោយនៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ «ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦» នឹងចាប់ផ្តើមបើកទ្វារទទួលសាធារណជន នាថ្ងៃទី១២ និងទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងនាំមកនូវឱកាសការងារសរុបជាង ៣០,០០០ កន្លែង ពីក្រុមហ៊ុន សហគ្រាស និងស្ថាប័នធំៗប្រមាណ ១៥០ ដែលនេះជាឱកាសមាសសម្រាប់សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ និងយុវជនទាំងអស់ ក្នុងការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន និងនិយោជក។
នៅក្នុងព្រឹត្តិការណ៍នេះ បេក្ខជនអាចយកប្រវត្តិរូបសង្ខេប (CV) មកដាក់ពាក្យ និងចូលរួមការសម្ភាសន៍ផ្ទាល់នៅនឹងកន្លែងបានភ្លាមៗ ជាមួយនឹងមុខតំណែង និងជំនាញជាច្រើនជម្រើស ដែលឆ្លើយតបទៅតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន។ លើសពីនេះ ក្រៅពីឱកាសទទួលបានការងារធ្វើ អ្នកចូលរួមថែមទាំងទទួលបានការចែករំលែកបទពិសោធន៍ ព្រមទាំងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការរៀបចំខ្លួន និងការបង្កើនផលិតភាពការងារផងដែរ។
អាស្រ័យហេតុនេះ សូមយុវជន និងសាធារណជនទាំងអស់ ត្រៀមរៀបចំប្រវត្តិរូបសង្ខេប (CV) ឱ្យបានរួចរាល់ ដើម្បីចូលរួមចាប់យកឱកាសការងារក្នុងក្តីស្រមៃរបស់អ្នក នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ៕




