ក្រុមហ៊ុនខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung Electronics បានប្រកាសនៅថ្ងៃទី៩ ខែកញ្ញាថា លោក Lee Jae-yong ដែលជាប្រធានក្រុមហ៊ុន នឹងទិញភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងតម្លៃ ១,៩ទ្រីលានវ៉ុន (ប្រហែល ១,៤២ពាន់លានដុល្លារអាមេរិក) ពីម្តាយរបស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

យោងតាមឯកសាររបស់ក្រុមហ៊ុន បានបង្ហាញថាលោក Lee មានផែនការទិញភាគហ៊ុនចំនួន ៧ ១៨៨ ៧៩៣ ហ៊ុន ពីលោកស្រី Hong Ra-hee ឬស្មើនឹងប្រមាណ ០,១១% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន ក្នុងតម្លៃ ២៦៩ ៥០០វ៉ុន ក្នុងមួយហ៊ុន តាមរយៈប្រតិបត្តិការក្រៅផ្សារភាគហ៊ុន (off-exchange transaction) នៅថ្ងៃទី១២ ខែតុលាខាងមុខ។
យ៉ាងណាមិញ តាមរយៈការទិញភាគហ៊ុនយកនេះ នឹងធ្វើឲ្យភាគហ៊ុនសរុបរបស់លោក Lee នៅក្នុងក្រុមហ៊ុន Samsung Electronics នឹងកើនឡើងដល់ ១,៥៨%។
យោងតាមប្រភពព័ត៌មានលើខាងបានបង្ហាញការជឿជាក់ថា លោកស្រី Hong អាចនឹងយកប្រាក់ចំណូលបានពីការលក់ភាគហ៊ុននេះ ទៅសងប្រាក់កម្ចីដែលបានខ្ចីសម្រាប់បង់ពន្ធមរតក បន្ទាប់ពីមរណភាពរបស់ស្វាមីលោកស្រី គឺអតីតប្រធានក្រុមហ៊ុន Samsung លោក Lee Kun-hee កាលពីឆ្នាំ២០២០៕

