ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់ ក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់ ជូនដល់ប្រជាពលរដ្ឋចំនួន ៣១ភូមិ ស្មើនឹង ៣០,៩៥៨បណ្ណ ក្នុងសង្កាត់កំពង់ស្វាយ សង្កាត់ម្នាក់ ក្នុងសិរីសោភ័ណ និងឃុំតាឡំ ឃុំស្រះរាំង និងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ, ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូប។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងអំពីតម្លៃ និងសារៈប្រយោជន៍នៃបណ្ណកម្មសិទ្ធិដីធ្លី ដោយបានចាត់ទុកការទទួលបាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ស្មើនឹងការទទួលបានកេរមរតក ឬការប្រគល់ ទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលធានាបាននូវសុវត្ថិភាពផ្លូវច្បាប់យ៉ាងរឹងមាំក្នុងការ កាន់កាប់អចលនវត្ថុ ព្រមទាំងជាដើមទុនសម្រាប់ទ្រទ្រង់ជីវភាព និងផ្ទេរតជំនាន់ ដល់កូនចៅបន្តវេន។

សូមជម្រាបថា បើតាមឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ការងារចុះបញ្ជីដីធ្លី ក្រុមការងារចុះបញ្ជីដីធ្លីខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចាប់តាំងពីឆ្នាំ២០០៨ មានក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន ៩ក្រុម មានសមាជិកសរុបចំនួន ២០៤នាក់ ការងារចុះបញ្ជីដីធ្លីចំនួនក្បាលដីប៉ាន់ស្មានសរុបទូទាំងខេត្តបន្ទាយមានជ័យមាន ចំនួន ៧៥៥,០៧៩ក្បាលដី ជាលទ្ធផលនៃការអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គិតចាប់ពីថ្ងៃចាប់ផ្តើមអនុវត្តរហូតដល់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ សម្រេចបានដូចខាងក្រោម បានវាស់វែងសរុបបានគួសក្បាលដី ចំនួន ៧៥៥,០៧៩ក្បាលដី។ គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្បាលដីដែលមិនអាចប្រមូលទិន្នន័យបានសរុប ៧,១១៤ក្បាលដី ស្មើនឹង ១២ភូមិ ពាក់ព័ន្ធយោធាថៃហ៊ុំព័ទ្ធ និងគ្រុបព្រៃឈើ។