លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលបញ្ចប់ការងាររវាងម្ចាស់ដី អតិថិជន និងភាគីពាក់ព័ន្ធ ក្នុងគម្រោង ឡេង ណាវ៉ាត្រា នៅខេត្តបាត់ដំបង។

លើទំព័រហ្វេសប៊ុក ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បែបនេះថា៖ “ទាំងភាគីម្ចាស់ដី អតិថិជន និងភាគីពាក់ព័ន្ធ ក្នុងគម្រោង ឡេង ណាវ៉ាត្រា បាត់ដំបង ដែលមានទីតាំងស្ថិតនៅភូមិកគោ ឃុំជ្រៃ និងភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល និងភូមិវាលវង់ ឃុំតាស្ដារ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានស្រុះស្រួលគ្នាបញ្ចប់ការងារ”។
ការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយ, គម្រោង ឡេង ណាវ៉ាត្រា សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជន គម្រោង ឡេង ណាវ៉ាត្រា ស្របពេលបច្ចុប្បន្នក្រុមការងារក៏កំពុងតែទាក់ទងអតិថិជន ដើម្បីធ្វើការដោះស្រាយបញ្ចប់ជាបន្តបន្ទាប់។














