ក្រសួងពាណិជ្ជកម្ម និងក្រុមការងារជំរុញការនាំចេញ បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម និងអភិវឌ្ឍន៍ផលិតផលរបស់ក្រុមហ៊ុន DFI Retail Group នៅទីក្រុងហុងកុង ដើម្បីរួមគ្នាតម្រង់ទិសឆ្ពោះទៅរកខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្មទ្វេភាគីប្រកបដោយនិរន្តរភាព។

កិច្ចពិភាក្សានេះ ធ្វើឡើងកាលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដឹកនាំដោយ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម និងអភិវឌ្ឍន៍ផលិតផលរបស់ក្រុមហ៊ុន DFI Retail Group នៅទីក្រុងហុងកុង។
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំគណៈប្រតិភូកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសនៃជំនួបពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការចែកចាយអង្ករប្រណីតកម្ពុជា «Golden King» របស់ក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd. ក្រោមម៉ាកវិញ្ញាតកម្ម «Malys Angkor» ដែលកំពុងមានវត្តមានយ៉ាងទូលំទូលាយនៅលើបណ្តាញផ្សារទំនើប Wellcome។

លើសពីនេះ លោកថា ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើកាលានុវត្តភាពនៃការទាញយកផលប្រយោជន៍ពីការលើកលែងពន្ធគយក្រោម «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃចិន (AHKFTA)» និងការតម្រង់ទិសឆ្ពោះទៅរកខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្មប្រកបដោយនិរន្តរភាព (Sustainable Farming) ដែលឆ្លើយតបយ៉ាងស័ក្តិសមទៅនឹងនិន្នាការរបស់អ្នកប្រើប្រាស់បច្ចុប្បន្នផងដែរ។

គួរបញ្ជាក់ផងដែរថា DFI Retail Group គឺជាសម្ព័ន្ធក្រុមហ៊ុនលក់រាយឈានមុខគេមួយនៅអាស៊ី និងជាប្រតិបត្តិករផ្សារទំនើបធំជាងគេនៅទីក្រុងហុងកុង ដែលគ្រប់គ្រងបណ្តាញផ្សារទំនើប Wellcome ជាង ៣២០ ទីតាំង។ ឈរលើមូលដ្ឋាននៃកិច្ចសហការប្រកបដោយផ្លែផ្កានេះ គណៈប្រតិភូកម្ពុជាបានលើកសំណើជាយុទ្ធសាស្ត្រក្នុងការជំរុញផលិតផលកសិកម្ម និងកសិផលកែច្នៃដែលមានសក្តានុពលរបស់កម្ពុជាបន្ថែមទៀត ចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងកម្មវិធី Own Brand របស់ DFI ជាពិសេសផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដែលមានកេរ្តិ៍ឈ្មោះលំដាប់អន្តរជាតិ រួមមាន ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ព្រមទាំងកសិផលកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា គ្រាប់ស្វាយចន្ទី និងស្វាយសម្ងួតជាដើម៕ អត្ថបទ៖ហ្សាលីន

