កម្ពុជា សម្រេចនាំចេញអង្ករចំនួន១០ពាន់តោន លើកដំបូងទៅប្រទេសហ្វីលីពីន

សង្គម​ និង​សេដ្ឋកិច្ច

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយសម្រាប់វិស័យស្រូវអង្ករកម្ពុជា ដោយកម្ពុជាបានសម្រេចការនាំចេញអង្ករតាមទម្រង់ដឹកជញ្ជូនជាបរិមាណច្រើន ១០ពាន់តោន ទៅកាន់ប្រទេសហ្វីលីពីនជាលើកដំបូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៦ លោក ចាន់ សីហា និងលោក ប៉ិច សានី អគ្គនាយករងធនាគារARDB បានចុះហត្ថលេខាលើកិច្ចសន្យាទិញ លក់អង្ករចំនួន១០ពាន់តោនទៅកាន់ប្រទេសហ្វីលីពីន រវាងក្រុមហ៊ុនCity Rice Import Export និងក្រុមហ៊ុន DILAI TRADING CO. PTE. LTD។

ពិធីចុះហត្ថលេខាប្រព្រឹត្តទៅនៅក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ឡាយ សែ ស្ថាបនិករោងម៉ាស៊ីនកិនស្រូវឡាយ សែ, ឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export, លោកស្រី Genina Marion Rafal លេខាទី៣តំណាងស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា, ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃ សហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុន DILAI TRADING CO.PTE.LTD រួមនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនផ្សេងទៀតផងដែរ។

ឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export មានប្រសាសន៍ថា ពិធីចុះហត្ថលេខានៅថ្ងៃនេះមិនត្រឹមតែជាការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយសម្រាប់វិស័យស្រូវអង្ករកម្ពុជា ដោយនេះគឺជាការនាំចេញអង្ករកម្ពុជាតាមទម្រង់ដឹកជញ្ជូនជាបរិមាណច្រើន ទៅកាន់ប្រទេសហ្វីលីពីនជាលើកដំបូងផងដែរ។

ជោគជ័យនេះបង្ហាញឱ្យឃើញពីការកើនឡើងនៃទំនុកចិត្តរបស់អ្នកទិញអន្តរជាតិចំពោះគុណភាព សុវត្ថិភាព និងសមត្ថភាពផ្គត់ផ្គង់របស់អង្គរកម្ពុជា។ ទន្ទឹមនឹងនេះ ក៏បញ្ជាក់ពីសមត្ថភាព របស់ក្រុមហ៊ុនកម្ពុជាក្នុងការរៀបចំ កែច្នៃ គ្រប់គ្រងគុណភាព និងដឹកជញ្ជូនអង្ករបរិមាណច្រើនទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ៕