កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃរឿងប្រើប្រាសាទជាមូលដ្ឋានយោធា និងទាមទារឱ្យដកទ័ពព្រមទាំងប្រគល់វត្ថុបុរាណមកវិញ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយបដិសេធចោលទាំងស្រុងនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់មន្ត្រីអាជ្ញាធរថៃ ដែលថា «កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណជាមូលដ្ឋានយោធា»។ កម្ពុជាបានចាត់ទុកការលើកឡើងនេះ គឺជាចេតនាបំភ្លៃការពិត បង្កើតព័ត៌មានក្លែងក្លាយដើម្បីបំភាន់សាធារណជន និងគេចវេសពីការទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងពីសំណាក់លោក Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) និងលោក Phanombut Chantharachote អគ្គនាយកនៃនាយកដ្ឋានវិចិត្រសិល្បៈថៃ នាពេលថ្មីៗនេះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់យ៉ាងច្បាស់នូវជំហររបស់កម្ពុជាថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៥៤ និងពិធីសារទាំងពីរ ព្រមទាំងអនុសញ្ញាឆ្នាំ១៩៧២ របស់អង្គការយូណេស្កូ (UNESCO) កម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់បំផុតដល់ការអភិរក្ស ការពារ លើកតម្លៃ ការស្រាវជ្រាវ ការអប់រំ និងទេសចរណ៍។ កម្ពុជាពុំដែលបំផ្លាញបេតិកភណ្ឌវប្បធម៌ និងមិនដែលប្រើប្រាស់ទីតាំងប្រាសាទណាមួយជាមូលដ្ឋានយោធានោះឡើយ។

ផ្ទុយទៅវិញ សកម្មភាពឈ្លានពានរបស់ភាគីថៃកន្លងមក បានបង្កការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទបុរាណខ្មែរ រួមមាន ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ស្ពានទ័ព (ស្ថិតនៅចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រពីព្រំដែន) និងតំបន់បុរាណវិទ្យាជាច្រើនទៀត។ បច្ចុប្បន្ន អាជ្ញាធរថៃកំពុងកាន់កាប់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារដោយខុសច្បាប់ ព្រមទាំងប៉ុនប៉ងកែប្រែស្ថានភាពជាក់ស្តែងលើដី (Fait accompli) តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញអគ្គិសនី និងរៀបចំព្រឹត្តិការណ៍ផ្សេងៗដោយគ្មានការអនុញ្ញាតពីកម្ពុជា។ លើសពីនេះ វត្ថុបុរាណមួយចំនួនត្រូវបានអាជ្ញាធរថៃយកចេញដោយខុសច្បាប់ពីប្រាសាទខ្នារថែមទៀតផង។

ក្រសួងវប្បធម៌បានបញ្ជាក់បន្ថែមថា ប្រាសាទព្រះវិហារបានរងការខូចខាតយ៉ាងដំណំដោយសារការវាយប្រហារដោយអាវុធធុនធ្ងន់មិនរើសគោលដៅរបស់កងទ័ពថៃ កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដោយបានបំផ្លាញទីតាំងចំនួន ៥៦២កន្លែង និងធ្វើឱ្យថ្មប្រាសាទបែកបាក់អស់ជាង ៧ម៉ឺនបំណែក។ ការវាយប្រហារនេះ បានបំផ្លាញនូវសមិទ្ធផលជួសជុលដែលស្ថាប័នជាតិ និងអន្តរជាតិខិតខំកសាងអស់រយៈពេលជាង ១០ឆ្នាំកន្លងមក ព្រមទាំងបង្ខំឱ្យប្រជាពលរដ្ឋជាង ១៦,០០០នាក់ ត្រូវជម្លៀសចេញពីលំនៅឋាន។

ផ្អែកលើទឡ្ហីករណ៍ខាងលើ កម្ពុជាបានដាក់ចេញនូវការទាមទារធំៗចំនួន ៣ ចំណុច រួមមាន៖១, ទាមទារឱ្យភាគីថៃដកទ័ពជាបន្ទាន់ ចេញពីតំបន់បេតិកភណ្ឌរបស់កម្ពុជា ជាពិសេសកងកម្លាំងដែលកំពុងឈរជើងដោយខុសច្បាប់នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ។ ២, ទាមទារឱ្យភាគីថៃប្រគល់វត្ថុបុរាណ ដែលបានលួចយកចេញពីប្រាសាទខ្នារ ត្រឡប់មកឱ្យកម្ពុជាវិញ។ ៣, ទាមទារឱ្យភាគីថៃគោរពច្បាប់ និងអនុសញ្ញាអន្តរជាតិ បញ្ឈប់ការប្រើប្រាស់កម្លាំង និងបញ្ឈប់រាល់សកម្មភាពប៉ុនប៉ងកាន់កាប់ដែនដីកម្ពុជា។ ភាគីថៃត្រូវងាកមកដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគឺ គណៈកម្មការចម្រុះកិច្ចការព្រំដែន (JBC)។

កម្ពុជាបានគូសបញ្ជាក់សាជាថ្មីថា ទីតាំងបេតិកភណ្ឌទាំងអស់របស់ខ្លួន មិនមែនជាមូលដ្ឋានយោធាដាច់ខាត ហើយកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវការការពារកេរដំណែលប្រវត្តិសាស្ត្រទាំងនេះ សម្រាប់មនុស្សជាតិ និងមនុស្សជំនាន់ក្រោយ៕