លោក ចូ បៃដិន ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជា ខណៈសម្តេច ហ៊ុន សែន បង្ហាញបំណងក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-អាមេរិកបន្ថែមទៀត

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលរបស់លោក ចូ បៃដិន ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២។ ប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់ថា ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិកសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមនៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈលិខិតមួយទំព័រផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ចូ បៃដិន បញ្ជាក់អំពីការទន្ទឹងរង់ចាំស្វាគមន៍ សម្តេចទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

លោក ចូ បៃដិន បានបញ្ជាក់៖ សហរដ្ឋអាមេរិកគាំទ្រមជ្ឈភាពអាស៊ាន ហើយគាំទ្រឥតងាករេចំពោះនិម្មាបនកម្មតំបន់ដែលមានអាស៊ានជាស្នូល និងដែលជាបេះដូងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោកថ្លែង៖ “ខ្ញុំរំពឹងថា សម្តេចតេជោនាយករដ្ឋមន្តី បានជ្រាបរួចហើយតាមរយៈឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ក្នុងការពាំនាំការតាំងចិត្តរបស់ខ្ញុំអញ្ជើញថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសជាមួយខ្ញុំ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅប៉ុន្មានខែខាងមុខនេះទៀត”

ជាមួយនឹងការទទួលបានលិខិតអញ្ជើញនេះរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ បានបញ្ជាក់ថា៖ «ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន»

ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានថ្លែងអរគុណប្រធានាធិបតី ចូ បៃដិន ដែលបានផ្ញើលិខិតបញ្ជាក់អំពីគោលបំណងរបស់លោកអញ្ជើញសម្តេចនិងថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងរៀបចំនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ និងបំណងប្រាថ្នា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកបន្ថែមទៀត ក្នុងពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន។

យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បង្ហាញសុទិដ្ឋិនិយមថា កិច្ចប្រជុំកំពូលនេះ នឹងផ្តល់នូវកាលានុវត្តភាពល្អមួយសម្រាប់យើងផ្លាស់ប្តូយោបល់គ្នាថាតើត្រូវធ្វើយ៉ាងណា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិករីកចំរើនទៅមុខបន្ថែមទៀត។ ហើយសម្តេចក៏បានបញ្ជាក់អំពីការទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ចូ បៃដិន និងជួបជាមួយដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោនផងដែរ៕