តម្លៃប្រេងឥន្ធនៈនៅសិង្ហបុរី កើនឡើងជាង ៣% ក្នុងរយៈពេល ១០ថ្ងៃចុងក្រោយ

អន្តរជាតិ

តម្លៃប្រេងសាំងនៅប្រទេសសិង្ហបុរីបានកើនឡើងជាង ៣% ក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ ខណៈពេលដែលជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្តជះឥទ្ធិពលដល់ទីផ្សារថាមពលសកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យប្រេងឥន្ធនៈពីគេហទំព័រ Motorist.sg បានឱ្យដឹងថា ក្រុមហ៊ុន Caltex, Esso និង Shell សុទ្ធតែបានចុះបញ្ជីតម្លៃប្រេងសាំងលេខ ៩៥ របស់ខ្លួន ក្នុងតម្លៃ ៣,៤៩ដុល្លារសឹង្ហបុរី (២,៧៤ដុល្លារអាមេរិក) ក្នុងមួយលីត្រ នៅថ្ងៃទី១៦ ខែកញ្ញា ដែលជាការកើនឡើង ៣,៦% បើប្រៀបធៀបទៅនឹងថ្ងៃទី៦ ខែកញ្ញា។

ទន្ទឹមនឹងនេះ ប្រេងសាំងលេខ ៩២ ក៏បានកើនឡើងប្រមាណ ៣,៦% ផងដែរ រហូតដល់ ៣,៤៦ដុល្លារសឹង្ហបុរីក្នុងមួយលីត្រ។ តម្លៃប្រេងសាំងនៅសិង្ហបុរីបានកើនឡើងប្រហែល ២២% រួចមកហើយ គិតចាប់តាំងពីដើមឆ្នាំមក។

ជម្រាបជូនថា តម្លៃប្រេងឆៅអន្តរជាតិប្រភេទ Brent បានកើនឡើងប្រហែល ៦,៥% ក្នុងរយៈពេល ៧ថ្ងៃកន្លងមកនេះ ចំពេលមានការកើនឡើងកម្តៅនៅមជ្ឈិមបូព៌ា។ កងកម្លាំងហ៊ូធី (Houthi) ដែលគាំទ្រដោយអុីរ៉ង់នៅប្រទេសយេម៉ែន បានបើកការវាយប្រហារថ្មីៗលើអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃចន្ទ ខណៈពេលដែលប្រទេសអារ៉ាប់នៅតំបន់ឆ្នេរកាតាបានពន្យារពេលកិច្ចពិភាក្សាដែលបានគ្រោងទុកជាមួយអុីរ៉ង់ ដោយបង្កឱ្យមានការព្រួយបារម្ភថាជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងរីករាលដាល និងរំខានដល់ការផ្គត់ផ្គង់ប្រេងសកលបន្តទៀត៕​