ក្រសួងការពារជាតិអាមេរិក បានប៉ាន់ប្រមាណថា ការចំណាយលើជម្លោះជាមួយប្រទេសអ៊ីរ៉ង់ អាចមានចំនួនទឹកប្រាក់រហូតដល់ ៤៣,៦ពាន់លានដុល្លារ ដែលជាតួលេខខ្ពស់ជាងការរាយការណ៍មុនៗយ៉ាងខ្លាំង។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AP (The Associated Press) បានរាយការណ៍នៅថ្ងៃទី១៨ ខែកញ្ញា ថា ក្រសួងការពារជាតិអាមេរិកបានជម្រាបជូនគណៈកម្មាធិការការពារជាតិនៃរដ្ឋសភាថា ចំណាយលើកយុទ្ធនាការប្រឆាំងអ៊ីរ៉ង់បានកើនឡើងដល់ ៤៣,៦ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៣ ខែកញ្ញា។
យ៉ាងណាមិញ ជុំវិញតួលេខនេះផ្អែកលើការវាយតម្លៃថ្មីៗពីបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) ដែលជាភ្នាក់ងារទទួលខុសត្រូវលើប្រតិបត្តិការយោធាអាមេរិកនៅមជ្ឈិមបូព៌ា។ ហើយចំពោះការចំណាយនោះរួមាន ១១,២ ពាន់លានដុល្លារ សម្រាប់ចំណាយប្រតិបត្តិការ ២៨,១ពាន់លានដុល្លារ សម្រាប់គ្រាប់រំសេវ និង ៤,៣ពាន់លានដុល្លារ សម្រាប់ជំនួសបរិក្ខារយោធាដែលបានខូចខាតក្នុងអំឡុងយុទ្ធនាការ។
ប៉ុន្តែទោះជាយ៉ាងណា យោងតាមប្រភពមួយបានប្រាប់បណ្តាញព័ត៌មាន CNN ថា តួលេខរបស់ CENTCOM នេះ នៅមិនទាន់រាប់បញ្ចូលថវិកា ១,៥ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ថ្លៃប្រេងឥន្ធនៈនៅឡើយទេ។ នេះមានន័យថា ការចំណាយសរុបអាចមានចំនួន ៤៥,១ពាន់លានដុល្លារ ដែលខ្ពស់ជាងតួលេខ ៣៧,៥ពាន់លានដុល្លារ ដែលក្រសួងការពារជាតិអាមេរិក បានចេញផ្សាយកាលពីខែកក្កដាកន្លងទៅ៕

