Amazon ដែលជាខ្សែសង្វាក់ហាងកាហ្វេធំជាងគេរបស់ប្រទេសថៃ បានប្រកាសឈប់ដំណើរការនៅក្នុងប្រទេសវៀតណាមទៀតហើយ បន្ទាប់ពីជ្រៀតចូលទីផ្សារប្រទេសនេះ អស់រយៈពេល ៥ឆ្នាំ។ នេបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

យោងតាមអ្នកគ្រប់គ្រងហាងម្នាក់ បានបញ្ជាក់ប្រាប់ទៅកាន់សារព័ត៌មានថា ហាងរបស់ Amazon ទាំងអស់នៅវៀតណាម លែងទទួលអតិថិជនទៀតហើយ។ តែទោះជាយ៉ាងណាក៏ដោយ ការប្រកាសជាផ្លូវការអំពីការដកខ្លួនចេញពីទីផ្សារនេះ គឺស្ថិតនៅក្រោមការសម្រេចចិត្តរបស់ម្ចាស់យីហោធំ នៅក្នុងប្រទេសថៃ ផ្ទាល់តែម្តង។
ប្រភពខាងលើបានបង្ហាញឲ្យដឹងទៀតថា ហាងកាហ្វេ Amazon ទាំងអស់ នៅក្នុងទីក្រុងហូជីមិញ បានដកផ្លាកសញ្ញារបស់ពួកគេចេញ ហើយប្រគល់ទីតាំងទៅឲ្យម្ចាស់ដើមវិញ ខណៈទីតាំងមួយចំនួនត្រូវបានប្តូរទៅឲ្យអ្នកជួលថ្មី។
គួរឲ្យដឹងផងដែរថា ការដកខ្លួនជាផ្លូវការរបស់ហាងកាហ្វេ Amazon ពីប្រទេសវៀតណាមនេះ ត្រូវបានគេរំពឹងទុកជាយូរមកហើយ ដោយនៅក្នុងសេចក្តីជូនដំណឹងមួយដែលបានផ្ញើទៅកាន់ទីផ្សារហ៊ុនបាកក កាលពីដើមខែតុលា បានបង្ហាញថា ក្រុមហ៊ុន Central Plaza Hotel Public Company Limited (Centel) បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនក្នុងការរំលាយ ORC Coffee Passion Group (ORCG) ដែលជាក្រុមហ៊ុនដំណើរការខ្សែសង្វាក់ហាងកាហ្វេ Amazon នៅប្រទេសវៀតណាម។
ជម្រាបជូនថា ORCG គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Central Restaurants Group (ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Centel) ដែលមានភាគហ៊ុន ៤០% និងក្រុមហ៊ុន PTTOR International Holdings ដែលមានភាគហ៊ុន ៦០%។ ក្នុងនោះដែរ Centel បានលើកឡើងពីមូលហេតុនៃការដកខ្លួនចេញពីប្រទេសវៀតណាមនេះថាជាការតម្រង់ទិសអាទិភាពអាជីវកម្មឡើងវិញ និងការសម្របខ្លួនទៅនឹងបញ្ហាប្រឈមនៃទីផ្សារ៕

