ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឯកភាពលើសំណូមពរ និងទស្សនវិស័យយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំក្រសួង ក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រទំនើប និងគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផល (Wrap-up Meeting of the ADB-Review Mission) ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងនានា ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

នាឱកាសនោះ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមទម្រង់ផ្ទាល់ និងតាមប្រព័ន្ធ Zoom ដោយមានការចូលរួមពី លោក ឡុង ពិសិដ្ឋ តំណាងធនាគារ ADB, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកិច្ចការនារី, រដ្ឋបាលខេត្តគោលដៅ, ថ្នាក់ដឹកនាំ-មន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងតំណាងអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា បេសកកម្មត្រួតពិនិត្យនេះ បានបញ្ចប់ទៅដោយជោគជ័យ និងរលូន ស្របតាមផែនការ និងលក្ខខណ្ឌតម្រូវរបស់ ADB។ ជាមួយគ្នានេះ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី បានសម្តែងនូវការកោតសរសើរចំពោះក្រសួងធនធានទឹក និងឧតុនិយម ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវលទ្ធផលធំៗ និងគ្រប់គ្រងដោះស្រាយហានិភ័យផ្សេងៗ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សូមជម្រាបដែរថា តាមរយៈកិច្ចប្រជុំខាងលើ តំណាង ADB បានឯកភាពលើសំណូមពរ និងទស្សនវិស័យយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំក្រសួង ក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រទំនើប និងគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ កាត់បន្ថយគ្រោះជំនន់ ធានាទឹកប្រើប្រាស់គ្រប់គ្រាន់នៅរដូវប្រាំង និងបង្កើនរដូវដាំដុះរហូតដល់ ៣ដងក្នុងមួយឆ្នាំ សំដៅលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ហ្សាលីន

