កម្ពុជា-ចិនឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស និងការដោះមីន

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន លោកនាយឧត្តមសេនីយ៍ ហឺ វ័យទុង (He Weidong) នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចឯកភាពគ្នា ពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស និងការដោះមីនជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនៃជំនួបនេះ លោក ហឺ វ័យទុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបចូលជួបសម្តែងការគួរសម  ខណៈលោកក៏បានជម្រាបជូនសម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ។

បន្ថែមពីនេះ លោកក៏បានប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនោះឱ្យលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ជាពិសេសលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ខណៈលោកក៏បានបង្ហាញនូវភាពជឿជាក់ និងសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពរឹងមាំថែមទៀត សំដៅឆ្ពោះទៅសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំគម្រប់ខួប ៦៥ ឆ្នាំ ហើយទំនាក់ទំនងដ៏ប្រពៃនេះត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ដោយរាប់ចាប់តាំងពីជំនាន់ព្រះបរមរតនកោដ្ឋ សម្តេចតេជោ និងបន្តរហូតបច្ចុប្បន្ននេះ។

សម្តេចធិបតី ក៏បានរំឭកថា៖« កាលនៅក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្តេចធិបតី បានផ្តួចផ្តើមគំនិត និងជំរុញឱ្យមានការពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ រហូតឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ដែលបានបើកច្រកដល់ទំនាក់ទំនងរវាងអង្គភាព និង អង្គភាព ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាល ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ»។

ជារួមនៅក្នុងជំនួបខាងលើ ភាគីទាំងពីរ ក៏បានធ្វើការគាំទ្រដល់សកម្មភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានា ដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបានឯកភាពគ្នា រួមមានជាអាទិ៍ ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម ៕