ក្រសួងអភិវឌ្ឍន៍ជនបទ នឹងសាងសង់ ជួសជុលហេដ្ឋារចនាសម្ព័ន្ធជនបទប្រហែល ៤ ០០០គីឡូម៉ែត្រ ផ្ដល់ការងារដល់ប្រជាពលរដ្ឋប្រមាណ១០ម៉ឺននាក់

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចផ្សព្វផ្សាយ និងណែនាំស្ដីពីការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល តាមរយៈគម្រោងស្ដារជីវភាព និងការផ្ដល់ការងារជាបណ្ដោះអាសន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកលើកឡើងថា ដើម្បីឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិដែលប្រជាពលរដ្ឋកំពុងប្រឈម ជាពិសេសប្រជាពលរដ្ឋដែលជាពលករវិលត្រឡប់មកពីប្រទេសថៃ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីអន្ដរាគមន៍គ្រប់ជ្រុងជ្រោយ ដើម្បីជួយស្ដារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ និងជាពិសេសគ្រួសារក្រីក្រមានការប៉ះពាល់ជាខ្លាំងពីវិបត្តិនេះ។ ជាមួយគ្នានេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងចូលរួមអនុវត្តកម្មវិធីអន្តាគមន៍នេះ តាមរយៈការងារសាងសង់ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធជនបទប្រហែល ៤ ០០០គ.ម. ដោយប្រើប្រាស់កម្លាំងពលកម្មជាមូលដ្ឋាន ប្រមាណ ៧០%។

លោកបញ្ជាក់ថា គម្រោងនេះនឹងត្រូវអនុវត្ត សម្រាប់រយៈពេលសរុបប្រមាណ ១៨ខែ ហើយនឹងអាចផ្ដល់ការងារជាបណ្ដោះអាសន្នដល់ប្រជាពលរដ្ឋប្រហែល ១០ម៉ឺននាក់ នៅក្នុងខេត្តគោលដៅចំនួន ១៥ខេត្ត រួមមាន៖ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កំពត ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។

លោករដ្ឋមន្រ្តី ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួន ជូនដល់អង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ ដើម្បីចូលរួមចំណែកជំរុញ និងបង្កើនយន្តការសម្រាប់អនុវត្តគម្រោងខាងលើនេះ ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងនិរន្តរភាពស្របតាមទិសដៅ គោលបំណង និងការរំពឹងទុក៕