ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន បានរួមគ្នារៀបចំ«កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth) ដើម្បីគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។

កិច្ចពិភាក្សានេះ បានធ្វើឡើងកាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La ទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ក្រោមវត្តមាន លោក សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។កិច្ចសន្ទនានេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងវាគ្មិនកិត្តិយសជាច្រើនរូប រួមមាន៖ លោក វ៉េ ថាវ (Wei Tao) អភិបាលតំបន់ស្វយ័តក្វាងស៊ី, លោក Yan Dong អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន, លោក កៅ កឹមហួន អគ្គលេខាធិការអាស៊ាន, លោក U Tun Ohn រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា, លោក Filipus Nino Pereira រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រឡេស្តេ ព្រមទាំងនាយកប្រតិបត្តិក្រុមហ៊ុន អ្នកជំនាញ និងតំណាងស្ថាប័នសំខាន់ៗជាច្រើនរូបទៀត។

កម្មវិធីនេះ បានធ្វើឡើងក្នុងគោលបំណងគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ដោយផ្តោតលើចំណុចយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ រួមមាន៖
១. ការទាញយកផលប្រយោជន៍អតិបរមាពីវិធានពាណិជ្ជកម្មតំបន់៖ តាមរយៈការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌ RCEP និង CAFTA 3.0 សំដៅលើកកម្ពស់ការចូលទៅកាន់ទីផ្សារ កិច្ចសម្រួលពាណិជ្ជកម្មទំនិញ និងការបង្កើនកំណើននៃការនាំចេញរបស់កម្ពុជាទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។

២. ការពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មតំបន់៖ តាមរយៈការផ្លាស់ប្តូរទស្សនៈលើគោលនយោបាយសំដៅធ្វើសមាហរណកម្មសហគ្រាសកម្ពុជា ជាពិសេសក្នុងវិស័យកសិធុរកិច្ច កម្មន្តសាល និងសេវាកម្មសេដ្ឋកិច្ចឌីជីថល ឱ្យកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងតម្លៃបន្ថែមនៃតំបន់។
និង៣. ការចូលរួមក្នុងការសម្របសម្រួលគោលនយោបាយ និងបទប្បញ្ញត្តិកម្រិតខ្ពស់៖ តាមរយៈការពិភាក្សាជាន់ខ្ពស់ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មក្នុងតំបន់ ថ្នាក់ដឹកនាំអាស៊ាន និងអ្នកសេដ្ឋកិច្ចឆ្នើម ស្តីពីការតភ្ជាប់បទប្បញ្ញត្តិ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍ និងការប្រកួតប្រជែង ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឌីជីថល៕ អត្ថបទ៖ហ្សាលីន


