យោងតាមអង្គការថាមពលអន្តរជាតិ (IEA) បានបង្ហាញឲ្យដឹងថា វៀតណាម បានក្លាយជាទីផ្សាររថយន្តអគ្គិសនីធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២៥ ដោយរថយន្តអគ្គិសនីបានគ្របដណ្តប់រហូតដល់ទៅ ៤០% នៃការលក់រថយន្តថ្មីៗសរុប ខណៈពេលដែលការប្រើប្រាស់បានកើនឡើងជាងទ្វេដង។ នេះបើតាមកាចុះផ្សាយពីសារព័ត៌មាន VN Express។

ជុំវិញការកើនឡើងយ៉ាងឆាប់រហ័សនេះ បានធ្វើឱ្យវៀតណាមនាំមុខប្រទេសថៃ និងឥណ្ឌូណេស៊ី ដែលបង្ហាញពីល្បឿននៃការរីកចម្រើនយ៉ាងលឿននៃរថយន្ត EV នៅក្នុងទីផ្សារដែលស្ទើរតែគ្មានសោះ កាលពីឆ្នាំ២០២០។
នៅក្នុងរបាយការណ៍ Global EV Outlook 2026 អង្គការ IEA បានឱ្យដឹងទៀតថា ការលក់រថយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍បានកើនឡើងជាងទ្វេដងក្នុងឆ្នាំ២០២៥ ដោយមានចំនួនលើសពី ៥០០ ០០០ គ្រឿង ដែលធ្វើឱ្យរថយន្ត EV ដើរតួជិត ១ ក្នុងចំណោមរថយន្តថ្មី ៥ គ្រឿងដែលបានលក់ចេញ។
IEA បានបន្ថែមទៀតថា ប្រទេសវៀតណាម ឥណ្ឌូណេស៊ី និងថៃ គឺជាអ្នកដឹកនាំការកើនឡើងក្នុងតំបន់នេះ ដោយទទួលបានការគាំទ្រពីគោលនយោបាយលើកទឹកចិត្ត ការពង្រីកការផលិតក្នុងស្រុក និងការនាំចូល ជាពិសេសពីប្រទេសចិន។
នៅវៀតណាម ការលក់រថយន្តអគ្គិសនីបានកើនឡើងជាងទ្វេដងក្នុងឆ្នាំ២០២៥ ដោយដំឡើងចំណែកទីផ្សារនៃការលក់រថយន្ត EV ថ្មីៗ ដល់ប្រហែល ៤០% ដែលជាកម្រិតខ្ពស់ជាងបណ្តាប្រទេសភាគច្រើននៅអឺរ៉ុបទៅទៀត។
ជម្រាបជូនផងដែរថា ប្រទេសចិន នៅតែជាទីផ្សារ EV ធំជាងគេលើពិភពលោក ដោយមានការលក់រថយន្តអគ្គិសនីលើសពី ១៣ លានគ្រឿង និងមានចំណែកទីផ្សារជិត ៥៥%។ ចំណែកឯទ្វីបអឺរ៉ុបកត់ត្រាការលក់បាន ៤,២ លានគ្រឿង (ស្មើនឹង ២៨% នៃការលក់រថយន្តថ្មីៗ) ខណៈពេលដែលសហរដ្ឋអាមេរិកនៅតែមានកម្រិតប្រហែល ១០%៕

