ក្រុមហ៊ុន YTL Power International របស់មហាសេដ្ឋីលំដាប់កំពូលម៉ាឡេស៊ី Francis Yeoh កំពុងអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយឧស្ម័ន ដែលមានកម្លាំងជាង ៥,២ ជីហ្កាវ៉ាត់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ចំពេលដែលមជ្ឈមណ្ឌលទិន្នន័យ AI កំពុងជំរុញឱ្យមានតម្រូវការអគ្គិសនីកើនឡើង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថាក្រុមហ៊ុន YTL Power មិនទាន់បានប្រាប់ពីទំហំវិនិយោគដែលត្រូវប្រើប្រាស់នៅឡើយទេ ប៉ុន្តែអ្នកវិភាគបានប៉ាន់ប្រមាណថា គម្រោងទាំងនេះអាចចំណាយទឹកប្រាក់អស់ជាង ១០,៥ពាន់លានដុល្លារ។
គម្រោងទាំងនេះត្រូវបានរៀបចំឡើងសម្រាប់ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និងវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នៅពេលបញ្ចប់ការសាងសង់នាឆ្នាំ២០៣០ រោងចក្រទាំងនេះនឹងបង្កើនសមត្ថភាពផលិតថាមពលសរុបរបស់ក្រុមហ៊ុនរហូតដល់ជិត ១១ ជីហ្កាវ៉ាត់។
យ៉ាងណាមិញ ជុំវិញការប្រកាសពង្រីកអាជីវកម្មរបស់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន YTL Power និងដៃគូរបស់ខ្លួនគឺក្រុមហ៊ុន Ganda Power បានបញ្ជាទិញទូប៊ីនឧស្ម័នបន្ថែមចំនួន ៤ ទៀតពីក្រុមហ៊ុន Siemens Energy របស់អាល្លឺម៉ង់ ដែលធ្វើឱ្យចំនួនទូប៊ីនខ្យល់សរុបដែលបានកក់ទុកកើនដល់ ៧ ទូប៊ីន។
ក្រុមហ៊ុន YTL Power បានបន្តទៀតថា តម្រូវការអគ្គិសនីដែលកំពុងកើនឡើងយ៉ាងខ្លាំងនេះ គឺដោយសារតែការរីកចម្រើននៃវិស័យឧស្សាហកម្ម ការប្រើប្រាស់ប្រព័ន្ធអគ្គិសនី និងការអភិវឌ្ឍយ៉ាងរហ័សនៃមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)៕

