អ្នកមានបំផុតរបស់ឥណ្ឌូណេស៊ី ត្រៀមលក់ភាគហ៊ុនតម្លៃរាប់ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនរ៉ែធ្យូងថ្មធំបំផុតរបស់ប្រទេស

អន្តរជាតិ

មហាសេដ្ឋីមានបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី លោក Low Tuck Kwong និងកូនស្រីរបស់លោក គឺអ្នកនាង Elaine Low បានឈានដល់ការចុះកិច្ចព្រមព្រៀងជាលក្ខខណ្ឌមួយ ដើម្បីលក់ភាគហ៊ុន ៣០% នៅក្នុង Bayan Resources ដែលជាក្រុមហ៊ុនរ៉ែធ្យូងថ្មដ៏ធំបំផុតនៅក្នុងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងថា អ្នកទិញយកភាគហ៊ុននេះ ត្រូវបានគេរំពឹងថាជាម្ចាស់ក្រុមហ៊ុន Jhonlin Group លោក Andi Syamsuddin Arsyad ដែលត្រូវបានគេស្គាល់ជាទូទៅថា Haji Isam។

លោក Haji Isam កំពុងទិញប្រហែលពាក់កណ្តាលនៃភាគហ៊ុនចំនួន ៦២% របស់លោក Low នៅក្នុងក្រុមហ៊ុន Bayan ខណៈពេលដែលក្រុមហ៊ុនរ៉ែធ្យូងថ្មដែលចុះបញ្ជីនៅទីផ្សារហ៊ុនហ្សាកាតាមួយនេះ បាននិងកំពុងប្រកាសរៀបចំកែសម្រួលអាជីវកម្មរបស់ខ្លួនឡើងវិញ។

គួរឲ្យដឹងថាក្រុមហ៊ុន Bayan ដែលប្រតិបត្តិការនៅក្នុងអណ្តូងរ៉ែធ្យូងថ្មធំជាងគេក្នុងប្រទេស Tabang/Pakar មិនបានបង្ហាញព័ត៌មានលម្អិតអំពីតម្លៃនៃការទិញយក ឬកាលបរិច្ឆេទកំណត់បញ្ចប់ប្រតិបត្តិការនេះនៅឡើយទេ។

ប៉ុន្តែទោះជាយ៉ាងណា យោងតាមសេចក្តីរាយការណ៍មួយបង្ហាញថា លោក Haji Isam បានផ្ដល់សំណើទិញភាគហ៊ុនគ្រប់គ្រងទាំងមូលរបស់លោក Low នៅក្នុងក្រុមហ៊ុន Bayan ក្នុងតម្លៃ ៣ពាន់លានដុល្លារ។

យោងតាមកាសែត The Business Times លោក Haji Isam ដែលត្រូវបានគេស្គាល់ថាជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិងកំពុងស្វែងរកការគ្រប់គ្រងលើក្រុមហ៊ុន Bayan នៅក្នុងកិច្ចព្រមព្រៀងមួយដែលនឹងធ្វើឱ្យលោកក្លាយជាអ្នកផលិតធ្យូងថ្មកំពូលមួយរូបក្នុងពិភពលោក៕