សម្តេចតេជោ ប្រកាសប្តេជ្ញាចិត្តនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀត

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសបញ្ជាក់អំពីគម្រោងគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅបាវិតព្រំដែនវៀតណាម បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកនេះ ក្នុងកំឡុងពេលកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ ដើម្បីបើកកម្មវិធីបុណ្យសមុទ្រ នៅថ្ងៃទី១០ធ្នូស្អែកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថានឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិតព្រំដែនវៀតណាម។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានលើកឡើងថា ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ- បាវិត នឹងបើកការរដ្ឋានសាងសង់នៅក្នុងឆ្នាំ ២០២៣ខាងមុខនេះ ជាមួយនឹងការប្រើប្រាស់ថវិកាសាងសង់ចំនួន ១ ៦៣៨លានដុល្លារ។

គម្រោងនេះមានប្រវែងសរុប ១៣៥គីឡូម៉ែត្រ កាត់តាមខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង មុននឹងទៅដល់ច្រកទ្វារព្រំដែនបាវិត ដែលមានព្រំដែនជាមួយប្រទេសវៀតណាម។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១ ដែលកម្ពុជាកំពុងតែចាប់ផ្តើមពង្រីកពី ២គន្លង ទៅ៤គន្លង ពីក្រុងប៉ោយប៉ែត មកភ្នំពេញ និងតភ្ជាប់ពីភ្នំពេញទៅបាវិត តាមផ្លូវល្បឿនលឿនខ្សែទី២នេះ ដើម្បីធ្វើឱ្យទំនាក់ទំនងទំនិញ និងអ្នកដំណើរតាំងពីចិន រហូតដល់វៀតណាម អាចឆ្លងកាត់បាន៕