(រាជធានីភ្នំពេញ)៖ កាលព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មរាជធានីភ្នំពេញ បានរៀបចំ «ពិធីបោះឆ្នោតជ្រើសរើសបង្រ្គប់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ»។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ។ ជាលទ្ធផល សមាជិកជ្រើសតាំងថ្មីចំនួន ៧រូប រួមមានទាំង អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានជាប់ឆ្នោតដើម្បីបំពេញកន្លែងទំនេររបស់សមាជិកជ្រើសតាំង នៃសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលមានចំនួនសរុប ៤០រូប។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការបោះឆ្នោតមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិកា សភាពាណិជ្ជកម្មរាជធានីភ្នំពេញជាច្រើន ដើម្បីចូលរួមបោះឆ្នោតសម្រាប់ពិធីដ៏សំខាន់នេះ។ ការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បំពេញកន្លែងទំនេររបស់សមាជិកជ្រើសតាំង នៃសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលមានចំនួនសរុប ៤០រូប ក្នុងការធានាបាននូវភាពពេញលេញនៃសមាសភាព និងប្រសិទ្ធភាពក្នុងការដឹកនាំ និងអនុវត្តការងាររបស់សភាពាណិជ្ជកម្ម ព្រមទាំងបន្តពង្រឹងការតំណាង និងការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជាលទ្ធផល អង្គបោះឆ្នោតចំនួន ៩០រូប ក្នុងចំណោម ៩៣រូប បានចូលរួមបោះឆ្នោតគាំទ្រយ៉ាងលើសលប់ និងបានជ្រើសរើស សមាជិកជ្រើសតាំងថ្មីចំនួន ៧រូប ដែលជាអ្នកជំនួញមានបទពិសោធន៍ សមត្ថភាព និងថាមពលក្នុងការចូលរួមចំណែកជំរុញវិស័យឯកជន រួមមាន៖ ១. អ្នកឧកញ៉ា ជាម ឃុនណាត, ២. អ្នកឧកញ៉ា តេង ហឿង, ៣. អ្នកឧកញ៉ា អ៊ឹង លីហេង, ៤. លោកជំទាវ ភឹម សំភ័ស, ៥. អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ, ៦. អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន, ៧. ឧកញ៉ាបណ្ឌិត អន ប៊ុនហាក់។
ក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសមាជិកជ្រើសតាំងថ្មីទាំង ៧រូប និងបានគូសបញ្ជាក់ថា សមាជិកថ្មីទាំងអស់សុទ្ធសឹងជាអ្នកជំនួញដែលមានចំណេះដឹង សមត្ថភាព បទពិសោធន៍ និងធនធាន ដែលអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យឯកជន និងការងាររបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់ សហគ្រិន និងអ្នកជំនួញជំនាន់ថ្មី ក្នុងការនាំយកគំនិតថ្មីៗ បទពិសោធន៍ និងថាមពលថ្មីមកចូលរួមក្នុងសកម្មភាពរបស់សភាពាណិជ្ជកម្ម ដើម្បីរួមចំណែកបន្តជំរុញបរិយាកាសធុរកិច្ច ការវិនិយោគ និងការប្រកួតប្រជែងរបស់វិស័យឯកជននៅកម្ពុជា៕







