អ្នកឧកញ៉ា លាង ឃុន៖ សណ្ឋាគារ Fairfield by Marriott ត្រៀមខ្លួនជាស្រេច សម្រាប់ស៊ីហ្គេម២០២៣

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បាន​លើក​ឡើង​ថា សណ្ឋា​គារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ( Fairfield by Marriott Phnom Penh) បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នូវ​ការ​​បដិសណ្ឋារកិច្ច​ដ៏​ល្អ​ សម្រាប់​ភ្ញៀវ​ទេសចរណ៍​​ជាតិ និង​អន្តរជាតិ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សហស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ​មាន​អនុសាសន៍​ក្នុង​ថ្ងៃ​សម្ពោធ​សណ្ឋាគារ​ដ៏​ប្រណិត​នេះ កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២៣ យ៉ាង​ដូច្នេះ​ថា៖ “ខ្ញុំបាទជឿជាក់យ៉ាងមុតមាំថា សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​កាន់​ទឹកដី​កម្ពុជា ជាពិសេស​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នូវ​ការ​​បដិសណ្ឋារកិច្ច​ដ៏​ល្អ​ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣ ​នា​ពេល​ខាង​មុខ​នេះ ដែល​ជា​ប្រយោជន៍​ដ៏​សំខាន់ ដល់​ការ​បង្កើត​និរន្តរភាពវិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ដែល​ជា​សសរស្តុម​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​ជាតិ។

ជាមួយ​គ្នា​នេះ អ្នកឧកញ៉ា លាង ឃុន ជឿ​ថា​​វត្តមាន​​របស់​សណ្ឋាគារ​ដ៏​ប្រណិត​​នេះ ​នឹង​​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ​បង្កើត​ការងារ និង​គាំទ្រ​ដល់​អាជីវកម្ម​ជុំវិញ​តំបន់នេះ​ផងដែរ។

សណ្ឋា​គារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ដែល​ស្ថិត​នៅអគារ ជីប ម៉ុង ថៅវើ កម្ពស់ ៤៥ ជាន់ បាន​​បើក​សម្ពោធជា​ផ្លូវការ​ កាលពី​​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុន្នី ព្រមទាំងពីសំណាក់ ឯកឧត្តម លោកជំទាវ ឯកអង្គរដ្ឋទូត និងឯកអង្គរាជទូត អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយស សរុបជាង ៧០០នាក់ ទៀត។

សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ មាន ៣០០​ បន្ទប់គេង អាងទឹកលើអាកាស សាលប្រជុំដ៏ប្រណីត ភោជនីយដ្ឋាន ស្កាយបារដ៏ទំនើប ដែលគ្របដណ្ដប់ ១៩ ជាន់ខាងលើនៃ អគារ ជីប ម៉ុង ថៅវើ មានកម្ពស់ ៤៥ ជាន់ ដែលជាអគារពាណិជ្ជកម្មចម្រុះស្ដង់ដារអន្តរជាតិ ស្ថិតនៅ​លើ​មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ចំកណ្តាល​រាជធានីតែម្តង។

គួរបញ្ជាក់​ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែល​កម្ពុជា​រង់ចាំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អស់​រយៈពេល ៦៤​ឆ្នាំ និង​បាន​ត្រៀម​ខ្លួន​​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ​នោះ នឹង​ចាប់ផ្តើម​ពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ខណៈដែល​វិញ្ញាសារ​កីឡា​បាល់ទាត់​បុរស ​​នឹង​ចាប់​ផ្តើម​ការ​ប្រកួត​​មុន​គេ​​ ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២៣​ ចុង​សប្តាហ៍​នេះ​តទៅ នៅ​ពហុកីឡដ្ឋាន​អូឡាំពិក។ ​ចំណែកឯ​ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម​លើកទី១២ នឹង​ចាប់ផ្តើម​ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕​​​​​​