កម្ពុជា អបអរសាទរខួបលើកទី ៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (១ តុលា ១៩៤៩ – ១ តុលា ២០២៦) ដែលរៀបចំឡើងដោយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា យ៉ាងមហោឡារិក កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តំណាងអង្គទូត និងស្ថាប័នសិក្សាស្រាវជ្រាវនានាជាច្រើនរូបទៀត។

វត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចប្រធានរដ្ឋសភា និងមន្ត្រីជាន់ខ្ពស់កម្ពុជានាឱកាសនេះ បានស្តែងឱ្យឃើញពីការផ្តល់តម្លៃខ្ពស់បំផុតដល់ចំណងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលយកផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។

សូមជម្រាបដែរថា ខួបអនុស្សាវរីយ៍ លើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយស្ថានទូតចិននៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិកំពុងវិវឌ្ឍរីកចម្រើនលើផ្លូវវិជ្ជមានគួរឲ្យកត់សំគាល់ ដោយបានរួមចំណែកបន្តពូនជ្រំ «សហគមន៍វាសនារួមកម្ពុជា-ចិន នៅគ្រប់រដូវកាល ក្នុងយុគសម័យថ្មី» ប្រកបដោយគុណភាពខ្ពស់ និងរឹងមាំ ដើម្បីរក្សាបាននូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែរុងរឿង និងស្ថិតស្ថេរជាអមតៈ៕