លោក ឈាង វណ្ណារិទ្ធ៖ វាសនាប្រទេសតូច មិនគួរត្រូវបានកំណត់ដោយប្រទេសមហាអំណាចឡើយ

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងមានការបែងចែកអំណាចឡើងវិញ តាមរយៈមជ្ឈមណ្ឌលឥទ្ធិពលសេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្ត្រថ្មីៗ ការពិភាក្សាអំពីសណ្តាប់ធ្នាប់អន្តរជាតិនាពេលអនាគត មិនគួរត្រូវបានកំណត់ត្រឹមតែក្នុងរង្វង់ប្រទេសមហាអំណាចនោះឡើយ។ ប្រទេសតូច និងមធ្យមក៏ត្រូវតែមានសំឡេង និងវត្តមានយ៉ាងសកម្មក្នុងការចូលរួមរៀបចំសណ្តាប់ធ្នាប់ពិភពលោកដែលកំពុងលេចឡើងផងដែរ។ នេះជាការលើកឡើងរបស់ លោក ឈាង វណ្ណារិទ្ធ ប្រធានក្រុមទីប្រឹក្សារដ្ឋសភា ក្នុងឱកាសអញ្ជើញចូលរួមក្នុង «វេទិកា Beijing Xiangshan លើកទី១៣» នៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ លោក បានវិភាគយ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់នៃការប្រែប្រួលថាមវន្តអំណាចសកលមកលើប្រទេសតូច និងមធ្យម ដោយគូសបញ្ជាក់ថា ការបែងចែកអំណាចសកលនេះតែងនាំមកនូវទាំងឱកាស និងភាពងាយរងគ្រោះក្នុងពេលតែមួយ។ ដើម្បីធានានូវការរស់រាន ស្វ័យភាពយុទ្ធសាស្ត្រ និងសន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន ប្រទេសតូចៗចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនាក់ទំនងជាមួយមហាអំណាច និងមជ្ឈមណ្ឌលឥទ្ធិពលនានា។ ជំនួសឱ្យការត្រូវបានបង្ខំឱ្យចងសម្ព័ន្ធភាពផ្ដាច់មុខ ប្រទេសតូចៗត្រូវការលំហការទូតគ្រប់គ្រាន់ ដើម្បីធ្វើពិពិធកម្មភាពជាដៃគូ និងរក្សាទំនាក់ទំនងល្អស្មើមុខជាមួយគ្រប់ភាគី។

ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីទំនាក់ទំនងរវាងចិន និងអាមេរិក ដោយវាយតម្លៃថា ជាទំនាក់ទំនងរវាងមហាអំណាចដែលមានឥទ្ធិពល និងសារៈសំខាន់បំផុតសម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពពិភពលោក។ ថ្វីបើភាពខុសគ្នាជាមូលដ្ឋានរវាងមហាអំណាចទាំងពីរនៅតែបន្តមានក៏ដោយ លោកបានសម្តែងក្តីសង្ឃឹមថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នឹងបន្តពង្រឹងកិច្ចសន្ទនាជាទៀងទាត់ ដោយផ្ដោតលើការពិគ្រោះយោបល់ ការប្រាស្រ័យទាក់ទង និងការស្វែងរកចំណុចរួម។

លោកប្រធានក្រុមទីប្រឹក្សារដ្ឋសភា បានសង្កត់ធ្ងន់ថា ទំនុកចិត្តមិនអាចបង្កើតឡើងត្រឹមតែតាមរយៈសេចក្តីប្រកាសនោះទេ ប៉ុន្តែទាមទារឱ្យមានកិច្ចសន្ទនាដោយស្មោះត្រង់ បើកចំហ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅគ្រប់កម្រិតស្ថាប័នរដ្ឋាភិបាល។ ជាងនេះទៅទៀត សណ្តាប់ធ្នាប់អន្តរជាតិមួយដែលរឹងមាំ និងយូរអង្វែង អាស្រ័យជាចាំបាច់ទៅលើកម្រិតនៃភាពជាម្ចាស់ការ និងសមត្ថភាពសម្រេចចិត្តដោយខ្លួនឯងរបស់រដ្ឋតូចៗ ការយកចិត្តទុកដាក់លើកង្វល់សន្តិសុខ និងការអភិវឌ្ឍស្របច្បាប់របស់ពួកគេ ព្រមទាំងការបើកឱកាសឱ្យគ្រប់ប្រទេសអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូនានាដោយសេរី ដោយមិនរងការបង្ខិតបង្ខំឱ្យជ្រើសរើសភាគីឡើយ។