ឯកអគ្គរដ្ឋទូតចិន៖ ចិននៅតែជាដៃគូដ៏គួរឱ្យទុកចិត្តបំផុតក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា និងបន្តពង្រឹងមិត្តភាពដែកថែបជាប្រវត្តិសាស្ត្រ

សង្គម​ និង​សេដ្ឋកិច្ច

លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ជាថ្មីអំពីចំណងមិត្តភាពដែកថែបដ៏រឹងមាំ និងមិនអាចបំបែកបានរវាងចិន និងកម្ពុជា ដោយបានអះអាងថា ប្រទេសទាំងពីរគឺជាមិត្តពិតប្រាកដដែលតែងតែរួមសុខរួមទុក្ខ និងមានការជឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅបំផុតក្នុងប្រវត្តិសាស្ត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន លោក វ៉ាង វិនពីន បានគូសរំលេចនូវខ្លឹមសារដ៏មានអត្ថន័យថា«ចិន និងកម្ពុជាគឺជាមិត្តភក្តិពិតនិងជាដៃគូដ៏ល្អ ដែលរួមសុខរួមទុក្ខ និងមានទំនុកចិត្តយ៉ាងជ្រាលជ្រៅរវាងគ្នាទៅវិញទៅមក មិត្តភាពដែកថែបនៃប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំជាប្រវត្តិសាស្ត្រ។ ភាគីចិនគាំទ្រយ៉ាងមុតមាំចំពោះកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដោយខ្លួនឯង ហើយនៅតែជាដៃគូដ៏គួរឱ្យទុកចិត្តបំផុតនៅក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា។»

ស្របជាមួយគ្នានេះ លោក វ៉ាង វិនពីន បានបន្ថែមទៀតថា កម្ពុជាកំពុងពោរពេញទៅដោយសក្តានុពលអភិវឌ្ឍន៍ដ៏ធំធេង និងទូលំទូលាយ។ ភាគីចិនរីករាយបន្តសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីអនុវត្តកុងសង់ស៊ីសយុទ្ធសាស្ត្រដែលសម្រេចបានដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ពិសេសគឺការពង្រឹងខ្លឹមសារនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» លើវិស័យអាទិភាពទាំង៦ ព្រមទាំងជំរុញការអភិវឌ្ឍ «ច្រករបៀងត្រី-អង្ករ» និង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ឱ្យសម្រេចបានវឌ្ឍនភាពជាក់ស្ដែងជាលំដាប់ ដើម្បីកសាងទំនាក់ទំនងចិន-កម្ពុជាឱ្យក្លាយជាគំរូនាំមុខនៃសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ និងរួមគ្នាសម្រេចបាននូវការស្តារឡើងវិញដ៏មហិមានៃប្រជាជាតិចិននិងប្រជាជាតិកម្ពុជា៕