អត្រាបាត់បង់ការងារនៅក្នុងប្រទេសសិង្ហបុរី ក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៦ បានកើនឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីមានការផ្ទុះឡើងខ្លាំងនៃជំងឺកូវីដ-១៩ ចុងឆ្នាំ២០២០ មក ដែលបណ្តាលមកពីការរៀបចំរចនាសម្ព័ន្ធ និងការផ្លាស់ប្តូរទម្រង់អាជីវកម្មឡើងវិញ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមរបាយការណ៍ទីផ្សារពលកម្មសម្រាប់ត្រីមាសទី២ ដែលចេញផ្សាយដោយក្រសួងកម្លាំងពលកម្មកាលពីថ្ងៃទី២១ ខែកញ្ញា បានឱ្យដឹងថា មានកម្មករនិយោជិតចំនួន ៤ ៦២០ នាក់ត្រូវបានបញ្ឈប់ពីការងារក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ដែលកើនឡើងពីចំនួន ៣ ៨៣០ នាក់ក្នុងត្រីមាសទីមួយ។
គួរឲ្យដឹងថាចំនួននេះ គឺជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីចំនួនកំណត់ត្រានៃការបញ្ឈប់បុគ្គលិកចំនួន ៥ ៦៤០ នាក់ក្នុងត្រីមាសទីបួននៃឆ្នាំ២០២០ ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ មក។
ក្រសួងកម្លាំងពលកម្មបានថ្លែងថា ការកើនឡើងពីត្រីមាសមួយទៅត្រីមាសមួយ ភាគច្រើនជំរុញដោយវិស័យដែលតម្រង់ទិសទៅខាងក្រៅ រួមមាន វិស័យផលិតកម្ម ព័ត៌មានវិទ្យានិងសារគមនាគមន៍ និងសេវាកម្មហិរញ្ញវត្ថុជាដើម។
គួរជម្រាបជូនថា អត្រាគ្មានការងារធ្វើសរុបរបស់សិង្ហបុរីនៅតែមានស្ថិរភាពក្នុងកម្រិត ១,៩% ដោយអត្រាគ្មានការងារធ្វើរបស់ពលរដ្ឋក្នុងស្រុក និងពលរដ្ឋមានសញ្ជាតិ មានកម្រិត ២,៩% និង ៣% រៀងគ្នា៕

