ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានថ្លែងក្នុងអត្ថបទមួយលើបណ្តាញសង្គម X នៅថ្ងៃទី២២ កញ្ញាថា លោកស្រីបានពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ហើយភាគីទាំងពីរទើបតែបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច លោក Maros Sefcovic និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Ma. Cristina Roque បានថ្លែងក្នុងសេចក្តីថ្លែងការណ៍រួមមួយថា កិច្ចព្រមព្រៀងសំខាន់ដែលសម្រេចបានលើពាណិជ្ជកម្មសេរីនេះ បានដាក់ការចរចាលើផ្លូវយ៉ាងច្បាស់លាស់ដើម្បីឈានទៅរកការបិទបញ្ចប់ជាផ្លូវការនៅក្នុងមុខខាងមុខ។
យ៉ាងណាមិញ លោកស្រី Roque និងលោក Sefcovic បានណែនាំដល់ក្រុមអ្នកចរចាឱ្យបញ្ចប់កិច្ចព្រមព្រៀងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ភាគីទាំងពីរបានលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងពង្រឹងចំណងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដោយធ្វើឱ្យកាន់តែមានពិធកម្ម និងភាពធន់ចំពេលដែលមានភាពប្រែប្រួលជាសកល។
គួរជម្រាបជូនថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នេះ ត្រូវបានរំពឹងថានឹងបើកឱកាសថ្មីៗសម្រាប់អាជីវកម្ម ក្នុងនោះរាប់បញ្ចូលទាំងសហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSMEs) ក៏ដូចជាកសិករ ផលិតករ និងអ្នកប្រើប្រាស់ ព្រមទាំងផ្តល់នូវវិធានប្រកបដោយយុត្តិធម៌ និងភាពច្បាស់លាស់ជាងមុនរវាងសហភាពអឺរ៉ុប និងហ្វីលីពីន៕

