ទីបំផុត UN ទម្លាយថាយន្តហោះម៉ាឡេស៊ី ដែលធ្លាក់កាលឆ្នាំ២០១៤ គឺជាស្នាដៃរបស់រុស្ស៊ី បាញ់ទម្លាក់

អន្តរជាតិ

យោងតាមរដ្ឋាភិបាលហូឡង់ និងអូស្រ្តាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាថា ក្រុមប្រឹក្សាអាកាសចរណ៍របស់អង្គការសហប្រជាជាតិ (ICAO) កាលពីថ្ងៃចន្ទ បានសម្រេចចោទប្រកាន់ជាផ្លូវការថា រុស្ស៊ី គឺជាអ្នកទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះម៉ាឡេស៊ី អំឡុងពេលធ្វើដំណើរឆ្លងកាត់ទឹកដីអ៊ុយក្រែន ដែលបានសម្លាប់ជីវិតអ្នកដំណើរសរុប ២៩៨ នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានចាកចេញពីទីក្រុង Amsterdam ឆ្ពោះទៅកាន់ទីក្រុង Kuala Lumpur កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ត្រូវបានបាញ់ទម្លាក់ នៅភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈពេលដែលការប្រយុទ្ធគ្នាបានកើតឡើង រវាងក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ី និងកងកម្លាំងអ៊ុយក្រែន។

ទន្ទឹងមនេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”យើងសូមអំពាវនាវដល់ប្រទេសរុស្ស៊ី ឲ្យប្រឈមមុខនឹងការទទួលខុសត្រូវរបស់ខ្លួន ចំពោះអំពើហឹង្សាដ៏អាក្រក់នេះ និងផ្តល់សំណងសម្រាប់ការប្រព្រឹត្តដ៏អាក្រក់របស់ខ្លួន ដែលបានបាញ់ទម្លាក់យន្តហោះអ្នកដំណើរ ដូចដែលបានទាមទារនៅក្រោមច្បាប់អន្តរជាតិ”។

ទ​ន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Caspar Veldkamp ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ការសម្រេចចិត្តចោទប្រកាន់ជាផ្លូវការនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើតការពិត និងការសម្រេចបាននូវយុត្តិធម៌ និងការទទួលខុសត្រូវសម្រាប់ជនរងគ្រោះទាំងអស់នៃជើងហោះហើរ MH17 ក៏ដូចជាក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគេ”។

ជម្រាបជូនផងដែរថា ភ្លាមៗក្រោយពីមានការចោទប្រកាន់ជាផ្លូវការនេះ ភាគីរុស្ស៊ី ហាក់នៅមិនទាន់ចេញមុខបកស្រាយលម្អិតពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ពីសំណាក់ទីភ្នាក់ងារអាកាសចរណ៍អង្គការសហប្រជាជាតិវិញ នៅឡើយនោះទេ៕