លោក ត្រាំ ជូនអំណោយលោក ស៊ី​ ជារូបសំណាកសត្វឥន្ទ្រីតំណាងអាមេរិក ដែលលោកចូលរួមរចនាដោយផ្ទាល់

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជូនរូបសំណាកសត្វឥន្ទ្រីក្បាលស ដែលជានិមិត្តរូបរបស់សហរដ្ឋអាមេរិក ដល់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ខណៈរូបសំណាកនេះត្រូវបានរចនាឡើងដោយមានការចូលរួមពីលោក និងភរិយារបស់លោក គឺលោកស្រី Melania Trump ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយនៅក្នុងពិធីជប់លៀងស្វាគមន៍លោក ស៊ី​ នៅសេតវិមាន កាលពីថ្ងៃទី២៤ ខែកញ្ញាថា កាដូរូបសំណាកសត្វឥន្ទ្រីនេះ គឺជាស្នាដៃសិល្បៈដែលឆ្លាក់ឡើងដោយជាងចម្លាក់អាមេរិកដ៏ឆ្នើមម្នាក់ ខណៈរូបលោក និងលោកស្រី Melania ក៏បានចូលរួមក្នុងការរចនារូបសំណាកនេះផងដែរ។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក បានបន្ថែមទៀតថា រូបសំណាកសត្វឥន្ទ្រីក្បាលស នេះ គឺជានិមិត្តរូបជាតិរបស់សហរដ្ឋអាមេរិក ហើយវាក៏ឆ្លុះបញ្ចាំងពីស្មារតីនៃសេរីភាព និងសេចក្តីប្រាថ្នាឆ្ពោះទៅរកភាពអស្ចារ្យរបស់អាមេរិកផងដែរ។

ទន្ទឹមនឹងនេះ ប្រធានាធិបតីចិន លោក ស៊ី បានប្រកាសផ្តល់អំណោយជូនជាសត្វខ្លាឃ្មុំផេនដាចំនួន ២ ក្បាលដល់សួនសត្វមួយនៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិកផងដែរ និងបានចាប់ផ្តើមដំណើរការកម្មវិធីផ្លាស់ប្តូរនិស្សិតថ្មីមួយ ដែលមានគោលបំណងស្វាគមន៍និស្សិតអាមេរិកចំនួន ១០០ ០០០ នាក់ឱ្យមកសិក្សានៅប្រទេសចិន ក្នុងរយៈពេល ៥ឆ្នាំខាងមុខថែមទៀតផង។

គួរជម្រាបជូនថា អំណោយនានាបានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់លោក ត្រាំ។ ប្រធានាធិបតីអាមេរិករូបនេះ ក៏ធ្លាប់ទទួលបានអំណោយជាយន្តហោះ ដុំមាសដែលមានឆ្លាក់ក្បាច់រចនា ចិញ្ចៀនមាសដែលដាំដោយត្បូងពេជ្រ និងព្រមទាំងអំណោយពិសេសៗ ជាច្រើនផ្សេងទៀត៕​