ក្រុមហ៊ុន Panasonic Holdings កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួននឹងពន្យារពេលគម្រោងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីថ្មី នៅទឺកដីសហរដ្ឋអាមេរិក ខណ:ពេលដែលការលក់របស់ក្រុមហ៊ុន Tesla ដែលជាអតិថិជនចម្បងរបស់ខ្លួន កំពុងជួបប្រទះទៅនឹងការលក់ធ្លាក់ចុះខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ប្រភពដដែលនេះ បានរាយការណ៍ទៀតថា គម្រោងរោងចក្រផលិតអាគុយទំហំ ៣០ ជីហ្គាវ៉ាត់ម៉ោង មានតម្លៃ ៤ពាន់លានដុល្លារ នៅក្នុងរដ្ឋ Kansas សហរដ្ឋអាមេរិក ដែលរំពឹងថានឹងដំណើរការពេញលេញនៅខែមីនា ឆ្នាំ២០២៧ នោះ កំពុងត្រូវបានពន្យារពេលវិញ ដោយ Panasonic។
គួរឲ្យដឹងថា រោងចក្រ Kansas ថ្មីនេះត្រូវបានចាត់ទុកថាជារោងចក្រផលិតអាគុយទ្រង់ទ្រាយធំបំផុតទី២ របស់ Panasonic នៅសហរដ្ឋអាមេរិក បន្ទាប់ពីរោងចក្រនៅក្នុងរដ្ឋ Nevada ដែលគ្រោងនឹងចាប់ផ្តើមផលិតកម្មដ៏ធំ ក្នុងពេលឆាប់ៗខាងមុខ។
ជម្រាបជូនផងដែរថា Tesla បាននិងកំពុងប្រឈមមុខជាមួយនឹងបញ្ហាធំៗជាច្រើន រូួមទាំងជម្លោះជាសាធារណ:រវាងនាយកប្រតិបត្តិលោក Elon Musk និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅលើកញ្ចប់ឥណទានពន្ធសម្រាប់រថយន្ត EV នៅសហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃការលក់របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវ័យចំណាស់នេះ ផងដែរ៕

