ធនាគារកណ្តាលនៃប្រទេសស្វីស នៅតែបន្តរក្សាអត្រាការប្រាក់របស់ខ្លួនត្រឹម ០%

អន្តរជាតិ

ប្រទេសស្វីសនៅតែបន្តរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឲ្យស្ថិតនៅកម្រិតដដែល ខណៈពេលដែលបណ្តាធនាគារកណ្តាលសំខាន់ៗជាច្រើនផ្សេងទៀតបានចាប់ផ្តើមដំឡើងអត្រាការប្រាក់។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២៤ ខែកញ្ញា ធនាគារជាតិស្វីស (SNB) បានប្រកាសថានឹងមិនកែសម្រួលអត្រាការប្រាក់គោលនោះទេ ដោយរក្សាទុកនៅត្រឹម ០% ដដែល។ ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីគម្លាតនៃគោលនយោបាយរូបិយវត្ថុនៅជុំវិញពិភពលោក ខណៈពេលដែលធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) ធនាគារកណ្តាលអឺរ៉ុប (ECB) និងធនាគារកណ្តាលជប៉ុន (BOJ) សុទ្ធតែបានដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណា។

ជុំវិញលក្ខណៈសេដ្ឋកិច្ចពិសេសរបស់ស្វីស បានផ្តល់ភាពស៊ាំមួយចំនួនដល់ប្រទេសនេះ ពីការកើនឡើងនៃអតិផរណាដែលកំពុងគ្របដណ្តប់លើប្រទេសជិតខាង និងប្រទេសមានសេដ្ឋកិច្ចធំៗផ្សេងទៀត។ កាលពីខែមុន អតិផរណារបស់ស្វីសមានត្រឹមតែ ០,៨% ប៉ុណ្ណោះ ដែលជាការកើនឡើងបន្តិចបន្តួចដោយសារតែការឡើងថ្លៃនៃប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងកំដៅ។

តែទោះជាយ៉ាងណាក៏ដោយ តួលេខនេះនៅតែទាបជាងឆ្ងាយបើប្រៀបធៀបទៅនឹងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ឬតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ (eurozone) ផ្សេងទៀត។

ទន្ទឹមនឹងនេះ កត្តាមួយក្នុងចំណោមកត្តាដែលជួយរក្សាអតិផរណាឲ្យស្ថិតក្រោមការគ្រប់គ្រងក្នុងប្រទេសស្វីស គឺតួនាទីជាជម្រកសុវត្ថិភាពនៃប្រាក់ហ្វ្រង់ស្វីស។ នៅពេលដែលរូបិយវត្ថុក្នុងស្រុកឡើងថ្លៃ ទំនិញនាំចូល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច នឹងមានតម្លៃថោកជាងមុន ខណៈកត្តានេះបានបង្កើតឲ្យមានសម្ពាធបន្ធូរបន្ថយអតិផរណា៕​