ក្រុមហ៊ុន Apple បាននិយាយថា ស៊េរី iPhone 17 បានក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុតរបស់ខ្លួន ដែលត្រូវបានជំរុញដោយការលក់ប្រចាំត្រីមាសខ្ពស់បំផុត បើទោះបីជាមានការរឹតបន្តឹងខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Kevan Parekh នាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Apple បានប្រាប់ទៅកាន់សារព័ត៌មាន Financial Times កាលពីពេលថ្មីៗនេះថា ត្រកូល iPhone 17 ឥឡូវនេះគឺជាស៊េរីស្មាតហ្វុនដ៏ពេញនិយមបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន។
យ៉ាងណាមិញ ការលក់ iPhone របស់ Appleបានកើនឡើងជាង ២០% ដល់ ៥៧ពាន់លានដុល្លារ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៦ នេះ ដែលជំរុញដោយតម្រូវការខ្ពស់ នៅក្នុងទីផ្សារប្រទេសចិន សម្រាប់ស៊េរី iPhone 17 ។
ប្រាក់ចំណូលរបស់ Apple ពីប្រទេសចិន បានឈានដល់ ២០,៥ពាន់លានដុល្លារ កើនឡើង ២៨% ធៀបទៅនឹងឆ្នាំមុន ដោយសារតែមានការងើបឡើងវិញនៃតម្រូវការថ្មីៗ នៅក្នុងទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។
ជម្រាបជូនថា យោងតាម MacRumors បានបង្ហាញឲ្យដឹងថា ការលក់ iPhone របស់ Apple ត្រូវបានរឹតត្បិតដោយការផ្គត់ផ្គង់មានកំណត់ដោយសារតែកង្វះនៃបន្ទះឈីប A19 និង A19 Pro ដែលផលិតដោយក្រុមហ៊ុន Taiwan Semiconductor Manufacturing Company ខណៈពួកគេកំពុងផ្តោតខ្លាំងទៅលើការផលិតឧបករណ៍ដំណើរការសម្រាប់ប្រព័ន្ធ AI៕

