រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Araghchi បានថ្លែងថា ប្រទេសរបស់លោកបានផ្ញើលិខិតស្នើទៅកាន់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេល ៧ថ្ងៃខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Araghchi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងអំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិថា៖”ប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ ច្រកសមុទ្រ Hormuz នឹងត្រូវបានបើកឡើងវិញក្នុងរយៈពេល ៧ ថ្ងៃ ហើយការចរចានឹងចាប់ផ្តើម”។
មិនតែប៉ុណ្ណៅះ ផែនការនេះក៏បានទាមទារឱ្យមានការដោះលែងទ្រព្យសម្បត្តិដែលត្រូវបង្កករបស់អ៊ីរ៉ង់ ដែលមានតម្លៃយ៉ាងហោចណាស់ ១២ពាន់លានដុល្លារ ព្រមទាំងការលើកលែងទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ និងការបញ្ចប់ការបិទផ្លូវទឹករបស់កងទ័ពជើងទឹកអាមេរិកប្រឆាំងនឹងប្រទេសខ្លួនផងដែរ។
យ៉ាងណាមិញ ប្រសិនបើលក្ខខណ្ឌទាំងនេះត្រូវបានបំពេញ នៅថ្ងៃទីប្រាំពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់ អ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ លោក Araghchi ក៏បានបន្ថែមទៀតថា លោកកំពុងរង់ចាំការឆ្លើយតបពីសហរដ្ឋអាមេរិកជុំវិញផែនការនេះ ហើយបានអះអាងថា ប្រទេសចិនក៏គាំទ្រសំណើនេះផងដែរ៕

