ថ្លែងក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រកាសជាផ្លូវការថា កម្ពុជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» នៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ខាងមុខនេះ។

ឯកឧត្ដមបានគូសបញ្ជាក់ថា នេះគឺជាការជួបជុំជាថ្មីនៃគ្រួសារហ្វ្រង់កូហ្វូនីនៅលើទឹកដីទ្វីបអាស៊ី បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅទីក្រុងហាណូយ កាលពីជិត ៣០ឆ្នាំមុន។ ព្រឹត្តិការណ៍នេះបង្ហាញពីភាពរស់រវើកនៃសហគមន៍ហ្វ្រង់កូហ្វូនី ដែលឆ្លងហួសពីព្រំដែនទ្វីប និងភាពខុសគ្នាផ្នែកវប្បធម៌។
កិច្ចប្រជុំកំពូលលើកទី២០ នេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលស្របគ្នាទៅនឹងមូលបទរបស់មហាសន្និបាត អ.ស.ប. ឆ្នាំនេះ ត្រង់ភាពចាំបាច់នៃការស្តារទំនុកចិត្ត និងការវិនិយោគឡើងវិញលើសន្តិភាព។ ក្រៅតែពីការលើកស្ទួយភាសាបារាំង កម្ពុជាមានបំណងធ្វើឱ្យកិច្ចប្រជុំនេះក្លាយជាឱកាសនៃការផ្សារភ្ជាប់ប្រជាជនមកពីគ្រប់ទ្វីប ជុំវិញតម្លៃរួមនៃសន្តិភាព ការគោរពភាពចម្រុះបែប ការសន្ទនារវាងវប្បធម៌ សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា វត្តមានរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នឹងផ្តល់សារៈសំខាន់ខាងនយោបាយយ៉ាងពេញលេញដល់កិច្ចប្រជុំកំពូលនេះ ហើយនឹងធ្វើឱ្យរាជធានីភ្នំពេញក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការសន្ទនាអន្តរជាតិ ខណៈដែលកម្ពុជាក្នុងនាមជាព្រះរាជាណាចក្រនៃប្រាង្គប្រាសាទអង្គរ ត្រៀមស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ប្រកបដោយបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត៕

