យោងតាមការស្រាវជ្រាវពី McKinsey Global Institute បានបង្ហាញថា មហាសេដ្ឋីបច្ចេកវិទ្យាជុំវិញពិភពលោកកំពុងបង្វែរទុនវិនិយោគរាប់ពាន់លានដុល្លារទៅលើបច្ចេកវិទ្យា AI ដោយសារគេមើលឃើញថា វាជាឧបករណ៍ផ្លាស់ប្តូរមុខមាត់ពាណិជ្ជកម្មពិភពលោកនាពេលអនាគត។

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ត្រូវបានគេមើលឃើញថាជា “បដិវត្តន៍ឧស្សាហកម្មទី ៤” ដែលមិនត្រឹមតែផ្លាស់ប្តូររបៀបធ្វើអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការកំណត់អនាគតសេដ្ឋកិច្ចពិភពលោកទៀតផង។
យ៉ាងណាមិញ ជុំវិញកត្តាសំខាន់ៗដែលធ្វើឱ្យមហាសេដ្ឋីកំពូលៗ និងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Microsoft, Alphabet, Meta, Nvidia, និង Amazon បង្កើនការវិនិយោគរាប់រយពាន់លានដុល្លារទៅលើ AI មានដូចជា៖
ការបង្កើនប្រសិទ្ធភាព និងផលិតភាព (Productivity & Automation): AI ជួយកាត់បន្ថយពេលវេលា និងចំណាយក្នុងការអនុវត្តការងារស្មុគស្មាញ ចាប់តាំងពីការវិភាគទិន្នន័យ ការសរសេរកូដ រហូតដល់ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់។
ការបង្កើតពាណិជ្ជកម្ម និងសេវាកម្មថ្មីៗ (Innovation): បច្ចេកវិទ្យាដូចជា Generative AI និង Autonomous Systems កំពុងបើកផ្លូវថ្មី ដើម្បីឲ្យមានការបង្កើតផលិតផល សេវាកម្ម និងគំរូអាជីវកម្មថ្មីស្រឡាង ដែលមិនធ្លាប់មានពីមុនមក។
ការប្រកួតប្រជែងដណ្តើមទីផ្សារ (Market Dominance): ក្រុមហ៊ុនណាដែលម្ចាស់ការលើបច្ចេកវិទ្យា AI មុនគេ នឹងមានប្រៀបជាងគេក្នុងការគ្រប់គ្រងទីផ្សារអនាគត។ ការមិនវិនិយោគលើ AI អាចធ្វើឱ្យក្រុមហ៊ុនទាំងនោះប្រឈមនឹងការបាត់បង់ឱកាស ឬចុះខ្សោយការប្រកួតប្រជែង។
ការផ្លាស់ប្តូរក្នុងវិស័យសំខាន់ៗ: AI កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យធំៗជាច្រើន ដូចជាសុខាភិបាល (ការស្រាវជ្រាវថ្នាំ) ហិរញ្ញវត្ថុ (ការវាយតម្លៃហានិភ័យ និងការជួញដូរ) ការអប់រំ និងការផលិតឧស្សាហកម្មជាដើម។
យ៉ាងណាក៏ដោយ ចំពោះការបោះទុនវិនិយោគទឹកប្រាក់រាប់រយរាប់ពាន់លានដុល្លារនេះ មិនត្រឹមតែជាការរំពឹងទុកសម្រាប់តែការទទួលបាននូវប្រាក់ចំណេញយ៉ាងឆាប់រហ័សប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជាការចាក់គ្រឹះសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាពិភពលោកនាទសវត្សខាងមុខផងដែរ៕

