កូនប្រុសរបស់លោក Khamenei ត្រូវបានតែងតាំងជាមេដឹកនាំកំពូលអ៊ីរ៉ង់

អន្តរជាតិ

ទីបំផុត! អ៊ីរ៉ង់បានជ្រើសតាំងកូនប្រុសរបស់លោក Ayatollah Ali Khamenei ឈ្មោះ Mojtaba ឲ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលជាផ្លូវការហើយ។ នេះបើតាមការផ្សាយរបស់ RT នៅថ្ងៃទី៩ ខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កូនប្រុសទី២របស់លោក Ali Khamenei ​បានក្លាយជាមេដឹកនាំកំពូលអ៊ីរ៉ង់ទី៣ ចំពេលភ្លើងសង្គ្រាមជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអ៊ែលកាន់តែរីករាលដាលយ៉ាងសន្ធោសន្ធៅ ក្រោយឪពុករបស់ខ្លួនត្រូវបានបាត់បង់ជីវិត។

បើតាមរបាយការណ៍ ក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់ ដែលមានសមាជិក៨៨រូប បានបោះឆ្នោតគាំទ្រលើសពី៥៩សំឡេង ជ្រើសរើសបុរសវ័យ៥៦ឆ្នាំម្នាក់នេះ យ៉ាងប្រញាប់ប្រញាល់តាមរយៈប្រព័ន្ធអនឡាញ ដោយសារស្ថានភាពសង្គ្រាម និងការវាយប្រហារតាមអាកាសពីសំណាក់អាម៉េរិក និងអ៊ីស្រាអែល។

យ៉ាងណា ប្រធានាធិបតីអាម៉េរិកបានប្រកាសភ្លាមៗថា លោក Mojtaba Khamenei គឺជាមេដឹកនាំដែល «មិនអាចទទួលយកបាន» ខណៈលោកធ្លាប់និយាយហើយថា មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ត្រូវតែមានការយល់ព្រមពីអាម៉េរិក បើមិនដូច្នោះទេ នឹងមិនអាចកាន់តំណែងបានយូរអង្វែងឡើយ។

មិនត្រឹមប៉ុណ្ណឹង មុននេះ ត្រាំក៏ប្រកាសហើយដែរថា លោកចង់ចូលរួមក្នុងការជ្រើសរើសមេដឹកនាំកំពូលថ្មី​​​របស់​អ៊ីរ៉ង់ ព្រោះលោកចង់បង្កើតឲ្យមានថ្នាក់ដឹកនាំថ្មីដែល​ធ្វើមិត្ត​ជាមួយអាម៉េរិក នៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ទីក្រុងតេហេរ៉ង់។

ជាមួយគ្នានេះ អ៊ីស្រាអែល ក៏ធ្លាប់ប្រកាសក្តែងៗថា មេដឹកនាំរូបណាក៏ដោយ ឲ្យតែអ៊ីរ៉ង់តែងតាំងដើម្បីបន្តផែនការកម្ទេចអ៊ីស្រាអែល គំរាមកំហែងសហរដ្ឋអាម៉េរិក និងពិភពលោកសេរី ក៏ដូចជាបណ្ដាប្រទេសនៅក្នុងតំបន់និងធ្វើបាបប្រជាជនអ៊ីរ៉ង់ នោះនឹងក្លាយជាគោលដៅកម្ចាត់ចោល។ មិនថាបុគ្គលនោះមានឈ្មោះអ្វី ឬលាក់ខ្លួននៅទីណានោះទេ៕