ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្លែងថាជម្លោះបច្ចុប្បន្ននេះ អាចបញ្ចប់ឬយ៉ាងណានោះ គឺអាស្រ័យលើសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយសារតែទីក្រុងតេអេរ៉ង់មិនចង់បន្តការប្រយុទ្ធគ្នាតទៅទៀតនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Pezeshkian បានមានប្រសាសន៍ក្នុងបទសម្ភាសជាមួយទូរទស្សន៍ Fox News កាលពីពេលថ្មីៗនេះថា៖ “នៅពេលដែលបញ្ហាអាចដោះស្រាយបានតាមរយៈការសន្ទនាបាននោះ ច្បាស់ណាស់យើងនឹងមិនចង់បានការដោះស្រាយដោយហិង្សានោះទេ”។
មេដឹកនាំរូបនេះ បានបន្តទៀតថា ៖”យើងមិនចង់បន្តសង្គ្រាមទៀតនោះទេ។ មានតែអាមេរិកទេដែលត្រូវជ្រើសរើសថា តើពួកគេចង់បញ្ចប់រឿងនេះឬអត់”។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា អ៊ីរ៉ង់គឺបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការឈានទៅរកកិច្ចព្រមព្រៀងមួយនៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបញ្ចប់ជម្លោះនេះ។
គួរឲ្យដឹងផងដែរថា កន្លងមក លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក៏ធ្លាប់បានពិភាក្សាអំពីបញ្ហានេះជាមួយប្រមុខអ្នកចរចាអាមេរិក លោក Steve Witkoff និងលោក Jared Kushner តាមរយៈអ្នកសម្របសម្រួល នៅខាងក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងក្រុងញូវយ៉កផងដែរ។ តែទោះជាយ៉ាងណា ការពិភាក្សាទាំងនេះមិនទាន់ទទួលបានលទ្ធផលភ្លាមៗនៅឡើយទេ។
ជម្រាបជូនថា កាលពីថ្ងៃទី១៦ ខែកញ្ញា អ៊ីរ៉ង់បានដាក់ស្នើសំណើចុងក្រោយរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកតាមរយៈអ្នកសម្របសម្រួល ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងដែលអាចកើតមានដើម្បីបញ្ចប់ភាពជាប់គាំងនៃការដោះស្រាយជម្លោះ។ នៅក្នុងសំណើនោះ ទីក្រុងតេអេរ៉ង់បានថ្លែងថា ខ្លួនអាចបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេល ៧ថ្ងៃ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយសម្ពាធយោធា និងលើកលែងការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់៕

