ក្រុមហ៊ុន SpaceX និង Tesla របស់មហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk នឹងវិនិយោគដំបូងក្នុងចំនួនទឹកប្រាក់ ១៦,៨ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីប Terafab កម្រិតខ្ពស់ នៅរដ្ឋ Texas ចំពេលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងវិស័យ AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

រោងចក្រផលិតបន្ទះឈីបដំបូងនេះ មានបំណងបង្រួមគម្លាតរវាងការផ្គត់ផ្គង់បន្ទះឈីបសកល និងថាមពលកុំព្យូទ័រជាង ១ តេរ៉ាវ៉ាត់ ដែល SpaceX និង Tesla រំពឹងថានឹងត្រូវការក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដើម្បីបញ្ចប់ការសាងសង់។
យ៉ាងណាមិញ ក្រុមហ៊ុន SpaceX បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហាថា ដំណាក់កាលពង្រីកនាពេលអនាគតអាចជំរុញការវិនិយោគសរុបឱ្យកាន់តែខ្ពស់ជាងនេះ ដោយបន្ថែមថា រោងចក្រនេះនឹងផ្តល់ការងារដល់មនុស្សយ៉ាងហោចណាស់ ៣ ០០០ នាក់។
ទន្ទឹមនឹងនេះ លោក Musk ក៏បាននិយាយផងដែរថា រោងចក្រ Terafab កំពុងនាំយកការផលិតទំនើបៗមកកាន់អាមេរិក ដោយបង្កើតការងាររាប់ពាន់ដែលមានប្រាក់ខែខ្ពស់ នៅ Texas និងអនុញ្ញាតឱ្យយើងផលិតបន្ទះឈីប AI ក្នុងទ្រង់ទ្រាយធំសម្រាប់ប្រើប្រាស់នៅលើផែនដី និងក្នុងលំហ។
គួរជម្រាបជូនផងដែរថា រោងចក្រ Terafab ដែលក្រុមហ៊ុន SpaceX និង Tesla ចាប់ដៃរួមគ្នានេះ នឹងផលិត វេចខ្ចប់ និងសាកល្បងបន្ទះឈីប AI និងអង្គចងចាំកម្រិតខ្ពស់នៅក្រោមដំបូលតែមួយ ដោយផលិតឧបករណ៍ដំណើរការដែលត្រូវការដើម្បីផ្តល់ថាមពលដល់មនុស្សយន្ត Optimus និង Cybercabs របស់ Tesla ក៏ដូចជាបន្ទះឈីបដែលមានថាមពលខ្ពស់ដើម្បីដំណើរការមជ្ឈមណ្ឌលទិន្នន័យដែលមានមូលដ្ឋានលើលំហរបស់ SpaceX៕

