លោក ពូទីន ប្រកាសតែងតាំងអនុរដ្ឋមន្ត្រីការពារជាតិថ្មី ដែលជាសេដ្ឋកិច្ចវិទូម្នាក់ទៀត

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ ទី២០ ខែឧសភាកន្លងទៅនេះ បានប្រកាសតែងតាំងអតីតអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Oleg Savelyev ជាអនុរដ្ឋមន្ត្រីការពារជាតិ ខណ:នេះហាក់ជាចេតនាមួយផ្សេងទៀតរបស់លោក ពូទីន ដើម្បីបង្កើនប្រសិទ្ធភាពនៃសេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសតែងតាំងអនុរដ្ឋមន្ត្រីការពារជាតិថ្មីនេះ ត្រូវបានកើតឡើង បន្ទាប់ពីលោក ពូទីន ហាក់បានធ្វើឲ្យមានការភ្ញាក់ផ្អើលបំផុតមួយ ដោយលោកសម្រេចដករដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu ចេញពីតំណែង ហើយដាក់ជំនួសវិញ ដោយលោក Andrei Belousov ដែលជាសេដ្ឋវិទូ និងជាអតីតឧបនាយករដ្ឋមន្ត្រីដែលគ្មានបទពិសោធក្នុងវិស័យយោធាទាល់តែសោះ។

យ៉ាងណាមិញ ចំពោះចំណាត់ការនេះ ត្រូវបានគេមើលឃើញថា អាចជាគោលបំណងធំរបស់លោក ពូទីន ដើម្បីធ្វើឲ្យកាន់តែមានភាព​ប្រសើរ​ឡើង ទៅលើការចំណាយក្នុងវិស័យការពារជាតិ និងសម្អាតក្រសួងការពារជាតិ ដែលធ្លាប់តែរងការវាយប្រហារដោយរឿងអាស្រូវស៊ីសំណូកដ៏ធំមួយ នាពេលកន្លងមក។

គួរឲ្យដឹងផងដែរថា Savelyev ពីមុនមកធ្លាប់ធ្វើការក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី គឺលោក Andrei Belousov ចាប់ពីខែសីហា ឆ្នាំ២០០៨ ដល់ខែមេសា ឆ្នាំ២០១៤ ក្នុងនាមជាអនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លុះដល់ក្រោយមកទៀត លោក Savelyev បានចូលបម្រើការជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការគ្រីមេ ក្នុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥។ ហើយក្នុងអំឡុងរយ:ពេល ៥ឆ្នាំចុងក្រោយនេះ លោក Savelyev បានបម្រើការជាសវនករ សម្រាប់សភាគណនេយ្យរុស្ស៊ី ដោយមើលការខុសត្រូវលើការចំណាយក្នុងវិស័យការពារជាតិ និងសន្តិសុខរុស្ស៊ី៕