អគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន លោក David Perdue បាននិយាយថាប្រធានាធិបតី លោក ដូណាល់ ត្រាំ បានស្នើសុំលក់អាវុធទៅឲ្យប្រទេសចិន នៅពេលដែលលោកបានទទួលបដិសណ្ឋារកិច្ចលោក ស៊ី ជិនភីង នៅសេតវិមាន កាលពីសប្តាហ៍មុន។

លោក Perdue បានប្រាប់នៅក្នុងបទសម្ភាសមួយកាលពីថ្ងៃទី២៧ ខែកញ្ញា ដោយយោងទៅលើកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរក្នុងជំនួបកាលពីសប្តាហ៍មុនថា៖ “ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា អាមេរិកនឹងលក់អាវុធទៅឱ្យបណ្តាប្រទេសជុំវិញពិភពលោក”។ យ៉ាងណាមិញនៅចំណុចមួយកំឡុងពេលជំនួបដ៏សំខាន់នោះ មេដឹកនាំអាមេរិករូបនេះពិតជាបានសួរទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ថា តើលោកចង់ទិញអាវុធរបស់អាមេរិកខ្លះដែរឬអត់។
ជុំវិញការថ្លែងរបស់អគ្គរដ្ឋទូតរូបនេះ ហាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះច្បាប់ដែលអនុម័តដោយសភាអាមេរិកក្នុងឆ្នាំ១៩៩០ បានហាមឃាត់ទាំងស្រុងមិនឱ្យអាមេរិកលក់អាវុធទៅឱ្យប្រទេសចិននោះទេ។ ច្បាប់នេះបានចែងថា ប្រធានាធិបតីអាមេរិកមានអំណាចក្នុងការព្យួរ ឬលើកលែងការហាមឃាត់នេះ ប្រសិនបើលោកកំណត់ថាវាបម្រើដល់ផលប្រយោជន៍សន្តិសុខជាតិ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបទសម្ភាសរបស់លោក Perdue នេះ សេតវិមានបានចេញមុខថ្លែងថា សហរដ្ឋអាមេរិកគ្មានផែនការលក់អាវុធឱ្យចិននោះទេ។ ក្រសួងការបរទេសអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ដែរថា ច្បាប់របស់សហរដ្ឋអាមេរិកហាមឃាត់ការលក់អាវុធឱ្យចិន ហើយមិនមានសំណើ ឬផែនការណាមួយសម្រាប់ទង្វើបែបនេះឡើយ៕

