សមាគមឧកញ៉ាកម្ពុជា ចូលរួមព្រឹត្តិការណ៍ PackTalk Cambodia 2026 ដើម្បីជំរុញការវេចខ្ចប់ប្រកបដោយនវានុវត្តន៍ បង្កើនតម្លៃផលិតផល និងពង្រីកទីផ្សារ

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែកញ្ញា បានចាត់តាំង ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូសមាគម ចូលរួមពិធីបើកព្រឹត្តិការណ៍ PackTalk Cambodia 2026 ក្រោមប្រធានបទ «ការវេចខ្ចប់៖ ជំហានចុងក្រោយឆ្ពោះទៅកាន់ទីផ្សារ (Packaging: The Last Mile to the Market)» រួមជាមួយពិព័រណ៍ FoodTec Cambodia 2026 ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ដែលមានលក្ខណៈថ្នាក់ជាតិ និងតំបន់នេះ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងថ្មីអំពីតួនាទីនៃការវេចខ្ចប់ ដោយមើលឃើញថា ការវេចខ្ចប់មិនត្រឹមតែជាសម្បកសម្រាប់ការពារផលិតផលប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការលើកកម្ពស់គុណភាព សុវត្ថិភាព ស្តង់ដារ អត្តសញ្ញាណម៉ាកយីហោ និងលទ្ធភាពចូលទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។

ព្រឹត្តិការណ៍នេះក៏មានគោលដៅពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងស្រុក តាមរយៈការជំរុញការប្រើប្រាស់ដំណោះស្រាយវេចខ្ចប់ប្រកបដោយនវានុវត្តន៍ និងចីរភាព ព្រមទាំងការបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ចរវាងផលិតករ អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា អ្នកទិញ វិនិយោគិន និងដៃគូពាក់ព័ន្ធ។

លើសពីនេះ PackTalk Cambodia 2026 ក៏ជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ រវាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ អ្នកផលិត អ្នកផ្គត់ផ្គង់ដំណោះស្រាយវេចខ្ចប់ អ្នកទិញ វិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុទាំងក្នុង និងក្រៅប្រទេស។ ការតភ្ជាប់នេះអាចជួយបង្កើតឱកាសថ្មីៗសម្រាប់ការពង្រឹងខ្សែច្រវាក់តម្លៃ និងការប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញពីការគាំទ្រយ៉ាងសកម្មរបស់សមាគមចំពោះការលើកកម្ពស់ការយល់ដឹងអំពីតួនាទីជាយុទ្ធសាស្ត្រនៃការវេចខ្ចប់ ក្នុងការបង្កើនគុណភាព និងសុវត្ថិភាពផលិតផល បង្កើតតម្លៃបន្ថែម ពង្រឹងម៉ាកយីហោ និងជំរុញការវេចខ្ចប់ប្រកបដោយចីរភាព។

ជាមួយគ្នានេះ សមាគមឧកញ៉ាកម្ពុជា ក៏បន្តគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពរបស់សហគ្រាសកម្ពុជា ជាពិសេស MSMEs ក្នុងការកែលម្អស្តង់ដារផលិតផល និងការវេចខ្ចប់ ដើម្បីពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ ព្រមទាំងរួមចំណែកពង្រឹងផលិតភាព សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាប្រកបដោយចីរភាព។