អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ និងឧកញ៉ា ងួន ម៉េងតិច ចូលរួមពិធីបើកវេទិកាថ្នាកជាតិ និងពិព័រណ៍អន្តរជាតិផេកថកកម្ពុជា ឆ្នាំ២០២៦

ជុំវិញ​ឧកញ៉ា

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ, អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិកពាក់ព័ន្ធនៃសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងពិធីបើកវេទិកាថ្នាកជាតិ និងពិព័រណ៍អន្តរជាតិផេកថកកម្ពុជា ឆ្នាំ២០២៦ (PackTalk Cambodia 2026) ក្រោមប្រធានបទ៖ ការវេចខ្ចប់គឺជាជំហ៊ានចុងក្រោយដើម្បីចូលទៅកាន់ទីផ្សារ (Packaging: The Last Mile to the Market) ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពីធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាល, មន្ត្រីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ដៃគូអភិវឌ្ឍន៍, តំណាងសហគ្រាស អ្នកផលិត និងក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។ 

ព្រឹត្តិការណ៍ PackTalk Cambodia 2026 មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីជាយុទ្ធសាស្ត្រនៃការវេចខ្ចប់ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល បង្កើតតម្លៃបន្ថែម ពង្រឹងម៉ាកយីហោ ជំរុញការវេចខ្ចប់ប្រកបដោយចីរភាព និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សាររបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម កម្ពុជា។

សូមជម្រាបជូនថា ផេកថក (PackTalk) គឺជាវេទិកាថ្នាក់ជាតិដ៏មានសារៈសំខាន់ដែលផ្តោតជាចម្បងលើការអភិវឌ្ឍន៍វិស័យវេចខ្ចប់ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម (SMEs)។ វេទិកានេះត្រូវបានរៀបចំដឡើងដើម្បីជំរុញការប្រើប្រាស់ការវេចខ្ចប់ជាយុទ្ធសាស្រ្តទីផ្សារ ព្រមទាំងផ្តល់នូវសេវាប្រឹក្សាយោបល់ និងឱកាសពង្រីកបណ្តាញទំនាក់ទំនងធុរកិច្ចយ៉ាងទូលំទូលាយ។ 

ព្រឹត្តិការណ៍នេះក៏ជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ការបង្ហាញបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ព្រមទាំងការតភ្ជាប់ធុរកិច្ចរវាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ សហគ្រាស អ្នកផលិត អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងដំណោះស្រាយវេចខ្ចប់ អ្នកទិញ វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានប្រកាសអំពីការដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាសធារណៈទាំងអស់ (១០០%) របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងប្រព័ន្ធឌីជីថល ដែលនឹងផ្តល់ឱ្យអ្នកស្នើសុំនូវភាពរហ័ស ងាយស្រួល តម្លាភាព និងមានប្រសិទ្ធភាព។