នូវែលសេឡង់ គាំទ្រសំណើកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសនូវែលសេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រកម្ពុជា ដែលបានដាក់សំណើកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ការបង្ហាញការគាំទ្រនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាកិច្ចចាប់ផ្តើម លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះ លោកជំទាវ Raylene Siale Tagaloa Liufalani ក្នុងឱកាសដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកស្រីរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់នូវែលសេឡង់ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ ក៏ដូចជាជំនួយបច្ចេកទេសដែលបានជួយលើកកម្ពស់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា RCEP និង AANZFTA។

ជាមួយគ្នានេះដែរ លោកស្រី Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសនូវែលសេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ភាគីនូវែលសេឡង់បានបង្ហាញការគាំទ្រសំណើកម្ពុជា ក្នុងការចូលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ផងដែរ។

តាមរយៈជំនួបនោះ កម្ពុជា-នូវែលសេឡង់ ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងនូវែលសេឡង់ជាពិសេសលើវិស័យពាណិជ្ជកម្ម ព្រមទាំងបានកត់សម្គាល់ ចំពោះកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកាលានុវត្តភាព ក្នុងការជំរុញពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត តាមរយៈការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលភាគីទាំងពីរជាសមាជិកផងដែរ។

សូមជម្រាបដែរថា កម្ពុជា កំពុងស្វែងការចូលរួមជាសមាជិក នៃកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ហៅកាត់ថា CPTPP ដើម្បីលើកកម្ពស់ និងជំរុញការធ្វើពាណិជកម្មឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បច្ចុប្បន្នកម្ពុជា កំពុងវាយតម្លៃពីឱកាស និងបញ្ហាប្រឈមនៃការចូលរួមជាសមាជិកនៃកិច្ចព្រមព្រៀងនេះ។ អ្នកជំនាញយល់ឃើញថា កម្ពុជា គួរតែចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះ ព្រោះវាជាច្រកមួយដ៏សំខាន់ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងការធ្វើនយោបាយពាណិជ្ជកម្មរបស់កម្ពុជា នៅលើឆាកអន្តរជាតិ៕  អត្ថបទ៖ហ្សាលីន